ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរក្រុងស្ទឹងត្រែង ឲ្យពលរដ្ឋរុះរើផ្ទះជិត២រយខ្នង រស់នៅអនាធិបតេយ្យ តាមច្រាំងមាត់ទន្លេសេកុង និងទន្លេមេគង្គ និងរស់នៅលើទឹកផងដែរ ក្នុងរយ:ពេល៤០ថ្ងៃជាកំហិត

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ និង១៤កុម្ភ: ឆ្នាំ២០២០ អាជ្ញាធរក្រុងស្ទឹងត្រែង បានចេញសេចក្តីបានជូនដំណឹងដល់ ប្រជាពលរដ្ឋចំនួន១៣៩គ្រួសារ ដែលកំពុងរស់ នៅតាមជួរច្រាំងមាត់ទន្លេសេកុង ក្នុងភូមិព្រែក សង្កាត់ស្ទឹងត្រែង និងនៅតាមជួរច្រាំងមាត់ទន្លមេគង្គ ក្នុងភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ដោយត្រូវឲ្យរុះរើលំនៅដ្ឋាន ឲ្យបានរួចរាល់ ដោយទុករយ:ពេល១ខែគឺចាប់ពីរថ្ងៃ១៧ ខែកុម្ភ: ដល់ថ្ងៃ១៧ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះជាកំហិតដោយអាជ្ញាធរក្រុងអនុវត្គន៍ នូវគម្រោងអភិវឌ្ឍន៍ទីក្រុងស្អាត នៅក្នុងឆ្នាំ២០២០នេះ ជាពិសេសនៅជួរមាត់ទន្លេនេះតែម្តង។

លោក សាយ កុសល អភិបាលក្រុងស្ទឹង
ត្រែង បានស្នើឲ្យបងប្អូនប្រជាពលរដ្ឋ មេត្តាយោគយល់ដល់អាជ្ញាធរ ព្រោះខេត្តត្រូវការយកទីធ្លារសាធារណ:នេះ មកធ្វើការសាង
សង់របាំងបេតុងចេញពីរច្រាំងទន្លេ៥ម៉ែត្រ ដើម្បីការពារកុំឲ្យមានការបាក់ដី ជៀសវាងប៉ះពាល់ដល់ផ្លូវជាតិ ដែលនាំឲ្យបាត់បង់សោភណ្ឌភាពទីរួមខេត្ត និងបាត់បង់ផ្លូវសាធារណៈដែលបងប្អូនកំពុងប្រើប្រាស់សព្វថ្ងៃ ។

លោកថា:បងប្អូនរស់នៅតាមជួរមាត់ទន្លេ
មានហានីភ័យខ្លាំង នៅខែវស្សាពេលមានទឹកជំនន់ទន្លេមេគង្គឡើងម្តងៗ ទឹកហូរច្រោះបាក់ច្រាំង អាចបង្កគ្រោះថ្នាក់ដល់
អាយុជីវិត ក្នុងពេលដែលបងប្អូនមិនបានប្រុងប្រយ័ត្នក្នុងករណីណាមួយ ។

ប្រជាពលរដ្ឋម្នាក់តំណាងឲ្យ ប្រជាពលរដ្ឋទាំង១៣៩ខ្នងផ្ទះ ដែលរស់នៅលើច្រាំងតាមជួរមាត់ទន្ល បានព្រមព្រៀងជាមួយអា
ជ្ញាធរហើយ នឹងទទួលសេចក្តីជូនដំណឹងជាមុន របស់អាជ្ញាធរក្រុងព្រមរុះរើលំនៅដ្ឋានចេញ ដោយមានការដោះដូរឲ្យដីឡូត៍ ទទឹង៥ម៉ែត្រ នឹងបណ្តោយ២០ម៉ែត្រ ជាកម្មសិទ្ធិស្របច្បាប់សម្រាប់ពលរដ្ឋខ្មែរ តែចំណែកជនជាតិអន្តប្រវេស៍ មិនត្រូវបានផ្តល់កម្មសិទ្ធិដូចពលរដ្ឋកម្ពុជាឡើយ។

លោកវៀង តាំងយ៉ុង ដំណាងឲ្យសមាគមន៍ជនជាតិវៀតណាមបានបញ្ចាក់ថា: ពួកគាត់មិនថាអីនោះទេហើយក៍បានព្រមព្រាង តាមការស្នើសុំក្នុងការអនុវត្តន៍ ទីក្រុងស្អាតសោភ័ណភាពតាមដងទន្លេផងដែរ។

លោកវៀង យាំងយ៉ុងបានបន្តថា: ប្រជាជនពួគគាត់ដែលរស់នៅតាមច្រាំងទន្លេ នឹងនៅលើទឹកសរុប៥៤គ្រួសារ ក្នុងនោះមានខ្មែរឥស្លាមមួយគ្រួសារផងដែររស់នៅលើទឹកជាមួយពួគាត់ នឹងថែម៤គ្រួសារទៀតនៅមាត់អូរស្ពានដំណាក់ទៀត គាត់បានស្នើសុំដល់អាជ្ញាធរ មេត្តាជួយដោះស្រាយឲ្យមានដីធ្លីសម្រាប់សាងសង់លំនៅដ្ឋាន ហើយទីតាំងរស់នៅមានទឹក មានភ្លើង និងសាលារៀន សំរាប់កូនចៅរបស់ពួកគាត់បានរៀនសូត្រដូចគេឯងផងដែរ ។

សូមបញ្ជាក់ថា:ការស្នើសុំឲ្យប្រជាពលរដ្ឋរុះរើលំនៅដ្ឋាននេះ និងមានឱសានវាទដល់ថ្ងៃ
ទី២៧ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ លោកអភិបាលក្រុង បានបញ្ចាក់ឲ្យពលរដ្ឋទាំង១៣៩ខ្នងផ្ទះបានជ្រាបច្បាស់ សាលប្រជុំសាលាខេត្ត ដោយទុកពេល១០ថ្ងៃបន្ថែមទៀត សរុប៤០ថ្ងៃសម្រាប់រុះរើនិងដឹកជញ្ជូន ចំណែកដំណោះស្រាយករណីផ្សេងៗទៀតនោះអាជ្ញាធរក្រុង នឹងជួយសម្រួលបញ្ហាដល់អ្នកមិនមានលទ្ធិភាពរុះរើទេនោះលោកនឹងស្នើសុំឲ្យកម្លាំងសមត្ថកិច្ចក្រុង ចុះជួយរុះរើនិងសម្រួលដល់ការដឹកជញ្ជូនសម្ភារៈ ទៅកាន់ទីតាំងថ្មី ក្រោមកិច្ចសហការយ៉ាងល្អ ជាមួយម្ចាស់លំនៅដ្ឋានផ្ទាល់តែម្តង។

លោកនឹងជូនដំណឹងឲ្យពលរដ្ឋត្រៀម នូវការអនុវត្តពង្រីកផ្លូវ ចេញពីដីចំណីរផ្លូវជាតិលេខ៧ នឹងលេខ៧៨ ពីអក្យផ្លូវម្ខាង១៥ម៉ែត្រ ក្នុងក្រុងស្ទឹងត្រែង នៅក្នុងខែមេសាខាងមុខនេះផងដែរ៕ មាស សុផាត


ចែករំលែក៖