ជាការប្រសើរហើយ ដែលកន្លងមកនេះនាយជាល បានឃើញបងប្អូនប្រជាពលរដ្ឋខ្មែរមិនថាក្មេងចាស់ប្រុសស្រី បាននាំគ្នាប្រើម៉ាស់ការពារនិងទប់ស្កាត់ការរីករាលដាលជំងឺ កូវីដ-១៩ ដែលនេះចាត់ទុកជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលមួយផ្នែកដែរ ។ ប៉ុន្តែអ្វីដែលនាយជាល ចង់និយាយពេលនេះ គឺការមិនទទួលយកចំពោះបងប្អូនមួយចំនួនដែលបានប្រើប្រាស់ម៉ាស់រួចយកទៅបោះចោលពាសវាល ពាសកាលឬបោះចោលតាមដងផ្លូវសាធារណៈដោយមិនបានវេចខ្ចប់ដាក់ក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ ។
នាយជាល លើកមកនិយាយពេលនេះមិនមែនមានន័យថាចង់បន្ទុះបង្អាប់បងប្អូនមួយចំនួនដែលខ្វះការទទួលខុសត្រូវពេលប្រើម៉ាស់រួចបោះចោលពាសវាលពាសកាលនោះទេ ។ នាយជាល ចង់ឲ្យអ្នកទាំងនោះគិតពិចារណាឡើងវិញដោយសារទី១-យើងខំចំណាយលុយទិញម៉ាស់មកពាក់ព្រោះចង់មិនឲ្យឆ្លងរោគ ហើយបើធ្វើដូច្នេះបានព្រយោជន៍អី? ទី២-ម៉ាស់ដែលប្រើរួច ជាប្រភពមេរោគផ្សេងៗអាចឆ្លងដល់អ្នកដទៃ និងទី៣ធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសប៉ះពាល់បរិស្ថាន។ ដូច្នេះបើយើងប្រើប្រាស់ម៉ាស់រួចបោះចោលពាសវាលពាសកាលបែបនេះ តើជួបហានិភ័យអ្វីខ្លះ?
នាយជាលសង្ឃឹមថា បើយើងម្នាក់ៗ រួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺ កូវីដ-១៩ តាមរយៈការណែនាំរបស់ក្រសួងសុខាភិបាល ដោយវិធីអនាម័យពាក់ម៉ាស់ និងលាងដៃជាមួយសាប៊ូ អាល់កុលឬជែល មិនចោលម៉ាស់ដែលប្រើប្រាស់រួចពាសវាលពាសកាល ជាពិសេសអ្នកមានផ្ទុកមរោគកូវីដ-១៩ ត្រូវនៅមួយកន្លែងដោយមិនត្រូវរត់គេចវេសពីមន្រី្តជំនាញសុខាភិបាលត្រួតពិនិត្យព្យាបាល ទៅចម្លងដល់អ្នកដទៃនោះទេ។ នាយជាលគិតថា មិនយូរមិនឆាប់យើងនឹងទទួលជោគជ័យទាំងអស់គ្នាក្នុងការទប់ស្កាត់ការរីករាលដាលជំងឺ កូវីដ-១៩ ជាមួយប្រជាជនពិភពលោកមិនខាន បើយើងអនុវត្តបានតាមការណែនាំរបស់ក្រសួងសុខាភិបាល។នេះជាបំណងល្អរបស់នាយជាលប៉ុណ្ណោះ ៕ នាយជាល