ក្នុងនាមប្រជាពលរដ្ឋមួយរូបរស់នៅក្រុងព្រះសីហនុ ដែលជារឿយៗធ្វើដំណើរតាមរបងសង្កាត់លេខ៤ ក្រុងព្រះសីហនុ តែងតែប្រទះឃើញគំនរសំរាមនៅគរជាប្រចាំជាប់របងសាលាសង្កាត់ ។ ខ្ញុំបាទមិនដឹងថា តើគំនរសំរាមទាំងនោះ ត្រូវបានប្រជាពលរដ្ឋនៅក្បែរខាងយកមកចាក់ ឬក៏ជាសំរាមដែលពួកមន្ត្រីសាលាសង្កាត់យកមកបោះចោលនៅទីនោះឬមួយយ៉ាងណានោះទេ ។ ប៉ុន្តែអ្វីដែលជាចំណោទ គឺនៅជាប់របងសាលាសង្កាត់ពោរពេញទៅដោយសំរាមយ៉ាងនេះហើយ ចុះនៅទីផ្សេងទៀតក្នុងភូមិសាស្ត្រសង្កាត់លេខ៤ ក្រុងព្រះសីហនុ នឹងមានសំរាមគរយ៉ាងណាទៅ? និងម្យ៉ាងទៀត បើនៅរបងសាលាសង្កាត់យ៉ាងនេះទៅហើយ ចុះរបងផ្ទះលោកចៅសង្កាត់ ឬក្នុងផ្ទះលោកចៅសង្កាត់យ៉ាងណាដែរ?
ក្នុងនាមប្រជាពលរដ្ឋម្នាក់មើលឃើញថា សំរាមដែលនៅហ៊ុមព័ទ្ធសាលាសង្កាត់លេខ៤របស់លោក សេង នីម វាឆ្លុះបញ្ចាំងអំពីសកម្មភាពការងាររបស់លោកផ្ទាល់តែម្តង ។ ម្យ៉ាងទៀតបើលោកចេះស្អាត, ឬស្រឡាញ់ភាពស្អាតតែបន្តិច នោះជុំវិញសាលាសង្កាត់ពិតជាគ្មានគំនរសំរាមយ៉ាងនេះឡើយ ហើយម្យ៉ាងទៀត វាមិនត្រឹមតែឆ្លុះបញ្ចាំងអំពីសកម្មភាពការងាររបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពល និងអាចឲ្យគេឃើញដល់ក្នុងផ្ទះរបស់ខ្លួននោះទៀត ។ ក្នុងនាមប្រជាពលរដ្ឋមួយរូបមើលឃើញថា អ្វីដែលបាននិងកំពុងកើតឡើងនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុនៅពេលនេះគឺឆ្លុះបញ្ចាំងអំពីរបៀបរបបការងាររបស់លោកចៅសង្កាត់ សេង នីម នោះតែម្តង ។ បើទោះបីជាលោកស្លៀកពាក់ស្អាតបាតយ៉ាងណាក៏ដោយ ប៉ុន្តែវានៅតែបង្ហាញអំពីភាពកខ្វក់ដដែល ។
គេមិនអាចបន្ទោសបានចំពោះក្រុមហ៊ុនប្រមូលសំរាមនោះឡើយ ក្នុងនាមខ្លួនជាចៅសង្កាត់មួយរូបនោះ ។ ចៅសង្កាត់មួយរូប ត្រូវមានភារកិច្ចយ៉ាងណាខ្លះ? ចុះបើគ្រាន់តែសំរាមនៅជុំវិញសាលាសង្កាត់លោកដោះមិនចេញ តើលោកមានសមត្ថភាពអីដោះស្រាយបញ្ហានៅក្នុងសង្កាត់របស់ខ្លួន ។
ក្នុងនាមប្រជាពលរដ្ឋមួយរូបរស់នៅក្នុងមូលដ្ឋានសង្កាត់លេខ៤ ក្រុងព្រះសីហនុពិតជាតូចចិត្តយ៉ាងខ្លាំង ដែលមានមេដឹកនាំ(ចៅសង្កាត់) បែបនេះ ។ យ៉ាងណាក៏ដោយ ខ្ញុំបាទរំពឹងថា អាជ្ញាធរក្រុងព្រះ
សីហនុនឹងកេណ្ឌកម្លាំងចុះទៅសំអាតសំរាមនៅបរិវេណសាលាសង្កាត់លេខ៤នោះផង ។ ម្យ៉ាងទៀត បើលោកចៅសង្កាត់គ្មានលទ្ធភាពបោសសម្អាតទេ គួរប្រកាសឲ្យប្រជាពលរដ្ឋជួយសំអាតផងទៅ ៕ ប្រជាពលរដ្ឋម្នាក់