ខេត្តពោធិ៍សាត់៖ មន្រ្ដីជំនាញរដ្ឋបាលជលផល ផ្នែកក្រគរ សង្កាត់កណ្ដៀង កងកម្លាំងប្រដាប់អាវុធ សហគមន៍នេសាទស្រីចឹក សហការចុះបោះបង្គោលឈើក្នុងកន្លែងអភិរក្សជលផល ដើម្បីការពារ និងទប់ស្កាតការនេសាទខុសច្បាប់ ។
ប្រតិបត្តិការខាងលើធ្វើឡើងនៅថ្ងៃសុក្រ ១៣រោច ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងកន្លែងអភិរក្សជលផលអតីត(ឡូត៍នេសាទលេខ៦) ស្ថិតក្នុងភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានពីកម្លាំងចុះប្រត្តិបត្តិការប្រាប់ថា បង្គោលឈើដែលយកទៅដំចូលក្នុងភួកលិចទឹក មានទំហំមុខកាត់អង្កត់ផ្ចិតចាប់ពី ០,១៥ស.ម ទៅ០,២០ស.ម មានប្រវែង ២,២០ម៉ែត្រ (មួយម៉ែត្រពីតឹក) ស្មើនឹងចំនួន ១២០ដើម បានដាក់ចំនួន ០៣កន្លែងនៃបរិវេណឡូត៍ ហើយក្នុង ១កន្លែងៗចំនួន ៤០ដើម ក្នុងចន្លោះពីបង្គោលមួយទៅបង្គោលមួយប្រវែង ៤ម៉ែត្រ ដើម្បីការពារ និងទប់ស្កាតការនេសាទខុសច្បាប់ ខណៈជនឈ្លាតឱកាសតែងតែឧក្សាលួចចូលធ្វើសកម្មភាព(នេសាទ) បង្កផលប៉ះពាល់មេពូជត្រីធ្ងន់ធ្ងរនាបច្ចុប្បន្ននេះ ៕ បុឹម ពិន