ព័ត៌មានទាន់ហេតុការណ៍៖

ទស្សនៈល្ងីល្ងើ៖ កុំត្រចៀកស ប្រយ័ត្នចាញ់បោកឈ្មួញ!

ចែករំលែក៖

ប៉ុន្មានថ្ងៃមកនេះ នៅតាមមូលដ្ឋានមួយចំនួនហាក់មានភាពជ្រួលច្របល់ដោយមនុស្សខ្លះនាំគ្នា ទិញអង្ករស្តុកុក ដោយត្រចៀក ខណៈនៅលើពីភពលោកនាំគ្នាប្រឆាំងការីករាលដាលជំងឺ កូវីដ-១៩

នាយជាល មិនដឹងថា អ្នកត្រចៀកសទាំងនោះជ្រួលជ្រើមនិងជ្រួលច្របល់ទិញអង្ករមកស្តុកទុកមានបំណងស្អីនោះទេ ហើយក៏មិនដឹងដែរថា នេះជាកលល្បិចបំផុសបំផុលរបស់អ្នកណាមួយដើម្បីលលក់អង្ករដាច់ដែរឬយ៉ាងណានោះដែរ ។ ចំពោះរូបភាពបែបនេះ ធ្វើឲ្យនាយជាល នឹកឃើញកាលពីសម័យ សាធារណរដ្ឋខ្មែរ ដែលមានលោក សេនាប្រមុខ លន់ នល់ ជាប្រធានាធិបតីដឹកនាំក្នុងអំឡុងឆ្នាំ១៩៧០ដល់១៩៧៥ ដែលកាលនោះទំនិញសព្វសារពើ ត្រូវបានឈ្មួញសប្បាយចិត្តនឹងដំឡើងថ្លៃស្រេចនឹងក្បាលចិត្ត ជាពិសេសនៅពេលដែលរដ្ឋបាលលោកសេនប្រមុខ លន់ នល់ ដំឡើងប្រាក់ខែឲ្យមន្រ្តី រដ្ឋការរបស់លោកតែម្តង ពោលបានន័យថាទំនិញឡើងថ្លៃតាមប្រាក់ខែ មន្រ្តីរដ្ឋការ កាលនោះក៏មានរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្នាក់ សុខចិត្តចុះចេញពីតំណែង ព្រោះបរាជ័យក្នុងការទប់ស្កាត់ទំនិញមិនឲ្យឡើងថ្លៃ ហើយអ្នកសប្បាយចិត្តគឺឈ្មួញកំប្រាឌ័រឯណោះទេ ព្រោះគេជោគជ័យក្នុងការធ្វើវិទ្ធង្សនា បំបះបំបោរ បំភិត បំភ័យថាមានរឿងអីចេះ មានរឿងអីចុះ ធ្វើឲ្យប្រជាជនបារម្ភនាំគ្នាទិញអង្ករ និងស្បៀងផ្សេងៗស្តុកទុក

នាយជាលគិតថា ក្នុងសម័យនោះជាសម័យមានសង្រ្គាម ហើយប្រជាជនម្នាក់ៗត្រូវការមានស្បៀងអាហារគ្រប់គ្រាន់ត្រៀមទុកក្នុងគ្រួសារ ម្ល៉េះហើយម្នាក់ៗត្រូវការអង្ករជាអាហារចម្បងលើអាហារផ្សេងទៀត ។ តម្រូវការចាំបាច់របស់ប្រជាជនបែបនេះហើយ ទើបក្នុងសម័យនោះ តម្លៃទំនិញមិនថេរដូចសព្វថ្ងៃនេះទេ បានន័យថាទំនិញឡើងថ្លៃស្រេចនឹងចិត្តស្ថិតនៅលើបបូរមាត់ឈ្មួញប៉ុណ្ណោះ ទីបំផុតរដ្ឋបាលលោក លន់ នល់ ត្រូវដួល និងបរាជ័យក្នុងការទប់ស្កាត់ទំនិញឡើងថ្លៃមិនបានព្រោះឈ្មួញដឹកមុខរួចស្រេចទៅហើយ។

ក្រឡេកមកមើលកម្ពុជាពេលបច្ចុប្បន្ននេះវិញ ខណៈដែលប្រទេសជាតិមានសន្តិភាព មានការអភិវឌ្ឍ រីកចម្រើនសំបូរសប្បាយ ការហូបចុកមិនខ្វះ និងមានស្បៀងហូរហៀរ ជាពិសេសមានអង្ករសល់រាប់លានតោននាំទៅលក់នៅក្រៅប្រទេសជារៀងរាល់ឆ្នាំ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីទៅហើយនោះ នៅមិននៅនាំគ្នាទិញអង្ករស្តុកទុកស្អីដែរ ? ដោយគ្រាន់តែមានការរីករាលដាលជំងឺ កូវីដ-១៩ សោះតើមានរឿងអីទាក់ទងទិញអង្ករស្តុកទុក? ហេតុអីមិនគិតនាំគ្នារិៈរកវិធីទប់ស្កាត់ជំងឺនេះ បែរជានាំគ្នា បះបោរទិញអង្ករទុកទៅវិញ ? បើនាយជាលស្មានមិនខុសទេ ប្រយ័ត្នបងប្អូនចាញ់បោកឈ្មួញលក់អង្ករ ដូចសម័យ លន់ ណល់ នាំឲ្យអង្ករឡើងថ្លៃ ព្រោះឈ្មួញចាំតែរង់ចាំសម្លឹងមើលមានឱកាសល្អនឹងអាលឆ្លៀតដំឡើងថ្លៃយកចំណេញកប់ក្តោងប៉ុណ្ណោះ ដូច្នេះឈប់ត្រចៀកសទៀតទៅ ៕ នាយជាល


ចែករំលែក៖