ព័ត៌មានទាន់ហេតុការណ៍៖

ទស្សនៈល្ងីល្ងើ៖ ឈប់មានជំនឿមិនសមហេតុផលទៀតទៅ!

ចែករំលែក៖

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ នាយជាលបានកត់សម្គាល់ឃើញថា មាន​ពលរដ្ឋ​មួយចំនួន ផ្អើល​នាំគ្នា​ទិញ​ពងមាន់ ពង​ទា ទុក​សម្រាប់​ហូប​ និងខ្លះទៀតធ្វើទីងមោងដាក់​នៅមុខ​ផ្ទះព្រមទាំងប្រមូល​ផ្តុំគ្នា​ដុតភ្នក់​ភ្លើង ដោយមានជំនឿមិនសមហេតុសមផលថា​ការពារ​កុំ​ឲ្យ​ឆ្លង​កូ​វីដ​-១៩ ។ មិនតែប៉ុណ្ណោះ​នៅតាម​ភូមិ ឃុំ ស្រុក ក្នុង​ខេត្ត​ខ្លះ មានជំនឿថាការនិង​សូត្រមន្ត​តាម​ផ្ទះ​ក៏អាច​នឹង​បណ្តេញ​ឧបទ្រពចង្រៃ ជាពិសេស​ជំងឺ​អាសន្នរោគ ដូចជា ជំងឺ​កូ​វីដ​-១៩ ជាដើម ផងដែរ ​។

នាយជាលគិតថា ការនាំគ្នា ទិញ​ពងមាន់​ទៅ​ហូបជា​ទង្វើ​ដែល​នាំ​ឲ្យ​សង្គម​មាន​ភាពចលាចល និង​នាំ​ឲ្យ​ខាតបង់​ថវិកាទៅវិញ​ទេ​។ នាយជាល​មិនដែល​ឮ​ទេ វា​ជា​ពាក្យ​ចចាមអារ៉ាម​ផ្តេសផ្តាស ហើយ​ម្យ៉ាងទៀតវាជាការចាញ់បោកអ្នកលក់ពងមានពងទាដែល​ចង់​ឲ្យ​របស់ខ្លួន​លក់ដាច់ទៅវិញទេ​។

ចំណែកការដាក់​ទីងមោង​នៅមុខ​ផ្ទះ ការដុត​ភ្លើង និង ការ​សូត្រមន្ត​នោះជា​ជំនឿដែល​ពលរដ្ឋ​គោរព និង​អនុវត្តតាម​ដូនតា​ពី​បុរាណដោយ​ជឿថានឹងធ្វើ​ឲ្យ​ចិត្ត​មនុស្ស​ដែលមាន​ភាពភ័យខ្លាច​លែង​​ភ័យព្រួយ​មានជាយូរមកហើយ ហើយជំនឿទាំងនេះ​ខ្លះអាច​ឲ្យ​អប់រំ​ផ្លូវចិត្ត​របស់​ពូកគេ​ឲ្យ​រំងាប់​នូវ​ភាពភ័យខ្លាច​បាន​មួយចំណែក​ដែរ។ ក៏ប៉ុន្តែជំនឿក៏ត្រូវតែមានហេតុផលឲ្យសមរម្យដែរ ក្នុងនោះដូចជាជំនឿដុតភ្លើងនៅមុខផ្ទះ ប្រសិនជាមានឧបទ្ទវហេតុខ្យល់បក់កម្ទេចភ្លើងហើរទៅលើដំបូលផ្ទះប្រក់ស្លឹកឆេះផ្ទះ ឬឆេះព្រៃវិញតើយ៉ាងណា ?

នាយជាលគិតថា អ្វីដែល​សំខាន់​ដើម្បី​ជៀសវាង​កុំ​ឲ្យ​ខាតបង់​ថវិកា ឬ​ទ្រព្យសម្បត្តិ និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩បាននោះ ត្រូវ​នាំគ្នា​អនុវត្ត​អនាម័យ​តាម​ការណែនាំ​របស់​ក្រ​សូង​សុខាភិបាល​វិញប្រសើរជាង  ជាមួយគ្នានេះដែរសូមយកចិត្តទុកដាក់ជាមួយប្រមុខ​រដ្ឋាភិបាល ដែលបានប្រកាស​រួចហើយ​ថា នឹងមិន​បិទ​ផ្សារទេសូម​ប្រជាពលរដ្ឋកុំចេញពីផ្ទះ បើ​មិនមាន​ការចាំបាច់ ហើយ​​ត្រូវ​ពាក់​ម៉ាស់​ឬ​ប្រើ​ក្រ​មារខ្មែរយើងផង ​។ ឈប់ជឿជំនឿគ្មានសមហេតុផលដូចជា ហូបពងមាន់ ពងទា អាចចៀសផុតជំងឺកូវីដ-១៩ ទៀតទៅ ៕ នាយជាល


ចែករំលែក៖