ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ អភិបាលខេត្តកណ្តាល មើលអតីតឡូត៍លេខ៦ ស្រុកលើកដែកផង

ចែករំលែក៖

ប្រភពពីមន្ត្រីរាជការនៅក្នុងសាលាស្រុកលើកដែក មួយចំនួនបានឲ្យដឹងថា រឿងអាស្រូវរបស់លោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក ដែលជាបង្អែករបស់ក្រុមឈ្មួញទន្ទ្រានកាន់កាប់ដីបឹងដែនឡូត៍នេសាទលេខ៦ស្ទួន នៅឃុំព្រែកទន្លាប់ និងឃុំព្រែកដាច់ ស្រុកលើកដែក ត្រូវបានបើកកកាយជាបន្តបន្ទាប់។ ប្រភពបាន ឲ្យដឹងទៀតថា ការដែលលោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក ហ៊ានធ្វើអ្វីៗ តាមអំពើចិត្ត គឺដោយសារអាងមានខ្នង់បង្អែករឹងមាំ នៅក្នុងសាលាខេត្តកណ្តាល ចាំជួយការពារគ្រប់ពេលវេលា។ ប៉ុន្តែឥឡូវនេះលោក ចាប ច័ន្ទវិទ្យា អភិបាលស្រុក លើកដែក មិនអាចបិទបាំងរឿងអាស្រូវរបស់ខ្លួនបានឡើយ។ ប្រជាពលរដ្ឋនៅក្នុងឃុំព្រែកទន្លាប់ និងឃុំព្រែកដាច់ ស្រុកលើកដែក បានឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក ចាប ច័ន្ទវិទ្យា អភិបាលស្រុក​លើកដែក ទេនោះគឺគ្មានឈ្មួញណាហ៊ានធ្វើសកម្មភាពទន្ទ្រានកាន់កាប់ដីបឹងរបស់រដ្ឋរាប់រយហិកតាបានទេ។ បើតាមប្រភពស្និទ្ធនឹងលោក ចាប ច័ន្ទវិទ្យា បានឲ្យដឹងថា លោក ចាប ច័ន្ទវិទ្យា ឃុបឃិតឲ្យឈ្មួញទន្ទ្រានកាន់កាប់ដីបឹងដែនឡូត៍នេសាទលេខ៦ស្ទួន រាប់រយហិកតាហើយលក់ទៅឲ្យឧកញ៉ាម្នាក់ឈ្មោះ កោះ វិរៈ នៅរាជធានី​ភ្នំពេញ។ ដូច្នេះលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ដែលទើបចូលកាន់ តំណែងកាលពីពេលថ្មីៗនេះមិនគួរបណ្តោយឲ្យលោក ចាប ច័ន្ទវិទ្យា ធ្វើអ្វីៗតាមអំពើ​ចិត្តនោះទេ។ ប្រជាពលរដ្ឋរាប់រយគ្រួសារកាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ បានប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងទៅនឹងក្រុមឈ្មួញដែលប្រើគ្រឿងចក្រឈូសឆាយហ៊ុមព័ទ្ធដីបឹងដែនឡូត៍ នេសាទលេខ៦ស្ទួន រាប់រយហិកតាយកធ្វើជាកម្មសិទ្ធិ។ ប្រជាពលរដ្ឋបានលើក​ឡើងថា ដែនឡូត៍នេសាទលេខ៦ស្ទួនត្រូវបានរាជរដ្ឋាភិបាលកាត់ទុកឲ្យប្រជាពលរដ្ឋអាស្រ័យផលប្រកបរបរនេសាទនិងប្រកបរបរកសិកម្មចិញ្ចឹមជីវិត ប៉ុន្តែបែរជាលោក ចាប ច័ន្ទវិទ្យា ឃុបឃិតឲ្យឈ្មួញឈូសឆាយទន្រ្ទានកាន់កាប់រាប់រយហិកតាលក់ទៅ ឲ្យឧកញ៉ាឈ្មោះ កោះ វិរៈ នៅរាជធានីភ្នំពេញ។ ប្រការនេះជារឿងដែលលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ក៏ដូចជាថ្នាក់ដឹកនាំក្រសួងនិងស្ថាប័នពាក់ព័ន្ធត្រូវចាត់វិធានការទប់ស្កាត់ជាបន្ទាន់៕


ចែករំលែក៖