ខេត្តសៀមរាប ៖ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកក្រឡាញ់ និងស្រុកពួក បានសហការជាមួយក្រុមការងារចម្រុះរដ្ឋបាលខេត្តសៀមរាប ចុះបង្ក្រាប និងបិទការដ្ឋានជីកយកអាចម៍ដីចំនួន ២កន្លែងដែលគ្មានច្បាប់អនុញ្ញាតពីស្ថាប័នជំនាញ ដោយធ្វើការផាកពិន័យផងដែរ៕ប្រតិបត្តិការនេះធ្វើឡើងកាលពីព្រឹកថ្ងៃសុក្រ ៤កើត ខែ ផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២៧ ខែ មីនា ឆ្នាំ២០២០ ស្ថិតនៅភូមិសាស្ត្រ ឃុំជន្លាសដៃ ស្រុកក្រឡាញ់ និង ឃុំពួក ស្រុកពួក ខេត្តសៀមរាប ។
មន្ត្រីនគរបាលស្រុកក្រឡាញ់បានឲ្យដឹងថា ក្នុងប្រតិបត្តិការចុះបង្ក្រាបបទល្មើសខាងលើនេះសមត្ថកិច្ចចម្រុះ បានធ្វើចំណាត់ការមួយចំនួន ដូចជា បានធ្វើកិច្ចសន្យាផ្អាកសកម្មភាពអាជីវកម្មទាំង ២កន្លែងជាបណ្តោះអាសន្ន ។ផាកពិន័យអន្តរការណ៍អាជីវកម្ម ចំនួន ១កន្លែង ដោយអនុវត្តន៍ទៅតាមច្បាប់ស្តីពី ការគ្រប់គ្រង ការធ្វើអាជីវកម្មធនធានរ៉ែ ។ អាជីវកម្មចំនួន ០១កន្លែងទៀត សមត្ថកិច្ចបានអប់រំណែនាំ ឲ្យម្ចាស់អាជីវកម្ម ទៅដាក់ពាក្យស្នើសុំច្បាប់អនុញ្ញាតពីស្ថាប័នជំនាញឲ្យបានត្រឹមត្រូវ តែមិនបានធ្វើការផាកពិន័យអន្តរការណ៍ទេ ដោយសារតែ ម្ចាស់អាជីវកម្ម មិនទាន់បានធ្វើសកម្មភាព និងដកគ្រឿងចក្រទៅវិញដោយខ្លួនឯង ៕ សហការី