សកម្មភាពរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឲ្យពិភពលោក ស្ញប់ស្ញែងគាំទ្រយ៉ាងខ្លាំង សូម្បីតែប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏បានអរគុណដល់ប្រទេសកម្ពុជា ដែលបានអនុញ្ញាតឲ្យនាវាទេសចរណ៍ MS Westerdam ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ក្រោយពេលនាវានេះរសាត់អណ្តែត អស់រយៈពេលជាច្រើនថ្ងៃ ដោយសារតែប្រទេសនានា និងតំបន់ចំនួន៦ បានបដិសេធចូលចត ដោយសារភ័យខ្លាចវីរុសកូវីដ១៩ (កូរ៉ូណា) ។
ប្រធានាធិបតី លោក ដូណាល់ ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Twitter របស់លោកថា «អុគុណប្រទេសកម្ពុជាដ៏ស្រស់ស្អាត ដែលបានអនុញ្ញាតឲ្យនាវា MS Westerdam របស់ក្រុមហ៊ុន @CarnivalCruise ចូលចត។ ទឹកដីអាមេរិក បានកត់ត្រាពីទឹកចិត្តដ៏ល្អរបស់លោកអ្នក»។
នាវាទេសចរណ៍ MS Westerdam ត្រូវបានជប៉ុន ហ្វីលីពីន តៃវ៉ាន់ និងកោះ Guam និងថៃ បានបដិសេធឲ្យនាវាខាងលើ ចូលចតនៅកំពង់ផែរបស់ខ្លួន ដោយសារខ្លាចឆ្លងវីរុសកូវីដ១៩ បើទោះជាអ្នកគ្រប់គ្រងនៅលើនាវា បានធានាថា មិនមានអ្នកណាម្នាក់ នៅលើនាវាសង័្សយឆ្លងវីរុសកូវីដ១៩នោះឡើយ។
សកម្មភាពដ៏ល្អរបស់កម្ពុជាទទួលបានការគោរពសរសើរ ពីបណ្តាប្រទេសធំៗ និងអង្គការអន្តរជាតិ។ នាវា MS Westerdam បានចាកចេញពីកោះហុងកុង នៅថ្ងៃទី១ ខែកុម្ភៈ ដោយមានគម្រោងបញ្ចប់ដំណើរកម្សាន្ តនៅថ្ងៃទី១៥ ខែកុម្ភៈ ប៉ុន្តែមិនមានប្រទេសណាមួយ អនុញ្ញាតឲ្យចូលចតនោះឡើយ។
ពាក់ព័ន្ធការឆ្លងរាលដាលនៃវីរុស កូវីដ១៩ ដែលប្រទេសជុំវិញពិភពលោកបារម្ភនោះ មានអ្នកស្លាប់កើនឡើងនៅចិន។ គិតត្រឹមព្រឹកថ្ងៃទី១៥ខែកុម្ភៈនេះ នៅខេត្តហ៊ូប៉ី ចំនួនអ្នកស្លាប់ ដោយសារតែវីរុសកូវីដ-១៩ បានកើនឡើងជាង១៥០០នាក់ ដោយក្នុងនោះមានអ្នកស្លាប់ កើនឡើងបន្ថែម១៣៩នាក់ទៀត នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។
តាមសេចក្តីប្រកាសរបស់គណៈកម្មការសុខាភិបាលខេត្តហ៊ូប៉ី បានបញ្ជាក់ថា មានករណីឆ្លងថ្មី ២៤២០ នៅទូទាំងខេត្តនេះ បានធ្លាក់ចុះពាក់កណ្តាល បើប្រៀបធៀបនឹងថ្ងៃមុន។ បើគិតដល់ព្រឹក ថ្ងៃទី១៥ ខែកុម្ភៈ មានអ្នកឆ្លងវីរុសកូរ៉ូណា សរុប ៥៤.៤០៦នាក់ នៅក្នុងខេត្តហ៊ូប៉ី និង៦៣.៨៥៩នាក់ នៅទូទាំងប្រទេសចិន។
ជាមួយគ្នានេះ ក៏មានអ្នកឆ្លងបានព្យាបាលជាសះស្បើយ សរុប ៨.១៩៣នាក់ ក្នុងនោះនៅថ្ងៃទី១៤ ខែកុម្ភៈមានអ្នកជំងឺជាសះស្បើយ រហូតដល់ទៅ១៣៧៣នាក់។
ដោយឡែកមនុស្សដែលបានឆ្លងវីរុសកូវីដ១៩ នៅទូទាំងពិភពលោក មាន ៦៧.១០០នាក់។ បណ្តាប្រទេសជុំវិញពិភពលោក បានចាត់វិធានការយ៉ាងតឹងតែងបំផុត ដើម្បីទប់ស្កាត់វីរុសឆ្លងចូលក្នុងប្រទេសរបស់ខ្លួន ក្នុងនោះមានការបិទព្រំដែន និងហាមប្រាមពលរដ្ឋទៅកាន់ប្រទេសចិន ជាដើម៕