ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងទេសចរណ៍​ ចេញសេចក្តីជូនដំណឹងស្តីពីការលុបអាជ្ញាបណ្ណភ្នាក់ងារទេសចរណ៍របស់ សកុណា ត្រាវែល (ខេមបូឌា) ឯ.ក

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងទេសចរណ៍ សូមជម្រាបជូនដំណឹងដល់ ក្រសួង ស្ថាប័នពាក់ព័ន្ធ សមាគមឧស្សាហកម្មទេសចរណ៍ និងសាធារណជនទាំងអស់ ឱ្យបានជ្រាបថា ក្រសួងទេសចរណ៍បានសម្រេចលុបអាជ្ញាបណ្ណភ្នាក់ងារទេសចរណ៍របស់ លោកស្រី អ៊ុក រដ្ឋា ម្ចាស់អាជ្ញាបណ្ណភ្នាក់ងារទេសចរណ៍ សកុណា ត្រាវែល (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋានស្ថិតនៅផ្ទះលេខ ៩៨DE0 ផ្លូវ១០៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោយពិនិត្យឃើញថា លោកស្រី អ៊ុក រដ្ឋា ម្ចាស់អាជ្ញាបណ្ណភ្នាក់ងារទេសចរណ៍ សកុណា ត្រាវែល (ខេមបូឌា) ឯ.ក មិនបានបំពេញកាតព្វកិច្ចជូនអតិថិជនដែលទទួលសេវាកម្មទេសចរណ៍ឱ្យបានត្រឹមត្រូវតាមកិច្ចសន្យា និងបានប្រព្រឹត្តខុសនឹងបទប្បញ្ញត្តិដែលមានចែងក្នុងមាត្រា៣៩ នៃច្បាប់ស្ដីពីទេសចរណ៍ និងប្រកាសស្ដីពីការដាក់ឱ្យអនុវត្តន៍ក្រមប្រតិបត្តិវិជ្ជាជីវៈ និងក្រមសីលធម៌វិជ្ជាជីវៈសម្រាប់ការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា។

អនុលោមតាមបទប្បញ្ញត្តិនៃមាត្រា៤៤ នៃច្បាប់ស្តីពីទេសចរណ៍ ក្រសួងទេសចរណ៍បានសម្រេចដូចខាងក្រោម៖

១. លុបអាជ្ញាបណ្ណទេសចរណ៍លេខៈ 20230501000002 ក.ទ.ច ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ របស់ភ្នាក់ងារទេសចរណ៍ សកុណា ត្រាវែល (ខេមបូឌា) ឯ.ក និងបញ្ឈប់រាល់សកម្មភាពរបស់ ភ្នាក់ងារទេសចរណ៍។

២. លោកស្រី អ៊ុក រដ្ឋា ម្ចាស់អាជ្ញាបណ្ណភ្នាក់ងារទេសចរណ៍ សកុណា ត្រាវែល (ខេមបូឌា) ឯ.ក ត្រូវមានកាតព្វកិច្ចទទួលខុសត្រូវចំពោះបុគ្គលិក អតិថិជន និងតតិយជន ស្របតាមច្បាប់ និង បទប្បញ្ញតិជាធរមាន ក្នុងករណីមានបណ្ដឹងតវ៉ាជាយថាហេតុ។

បន្ទាប់ពីទទួលបានសេចក្តីជូនដំណឹងនេះ លោកស្រី អ៊ុក រដ្ឋា ម្ចាស់អាជ្ញាបណ្ណភ្នាក់ងារទេសចរណ៍​ សកុណា ត្រាវែល (ខេមបូឌា) ឯ.ក ត្រូវអនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះ ដោយស្មារតីទទួលខុសត្រូវខ្ពស់។ សេចក្តីដូចបានជម្រាបជូនខាងលើ សូម ក្រសួង ស្ថាប័នពាក់ព័ន្ធ សមាគមឧស្សាហកម្មទេសចរណ៍ និងសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន៕

ដោយ៖ តារា


ចែករំលែក៖