ភ្នំពេញ៖ រថយន្តធុនធំដឹកដែកសរសៃរាប់សិបតោន បេីកចុះពីលេីស្ពានព្រះមុនីវង្ស ( ច្បារអំពៅ ) ស្រាប់តែដាច់ហ្វ្រ័ងជ្រុលទៅបុករះរថយន្ត៥គ្រឿង និងឡំប្រឺតា១គ្រឿងទៀត បណ្ដាលឲ្យរថយន្តទាំង៥គ្រឿងនោះរងការខូចខាត ពាសពេញផ្លូវជាតិលេខ១ បង្កការភ្ញាក់ផ្អេីល កាលពីវេលាម៉ោងជាង៩ព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ នៅក្បែរផ្សារច្បារអំពៅតែម្ដង ស្ថិតក្នុងសង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ករណីនេះកម្លាំងនគរបាលខណ្ឌច្បារអំពៅ បានចុះធ្វើអន្តរាគមន៍វាស់វែង និងរៀបចំសណ្ដាប់ធ្នាប់ សម្រួលចរាចរណ៍កុំឱ្យស្ទះយានយន្ដ ខណៈដែលគ្រោះថ្នាក់នេះកើតឡើងភ្លាមនោះ គឺបានធ្វើឱ្យអ្នកដំណើរដែលឆ្លងកាត់កន្លែងកើតហេតុ ត្រូវស្ទះកកកុញមិនអាចទៅមុខរួចមួយរយៈខ្លីផងដែរ។
ប្រជាពលរដ្ឋសូមឱ្យសមត្ថកិច្ចមេត្តាចាត់វិធានការចំពោះអ្នកបើកបរ ក៏ដូចជាម្ចាស់រថយន្ត ដែលបើកផ្ទុកលើសទម្ងន់ ការប្រើប្រាស់រថយន្តមិនបានពិនិត្យពីបច្ចេកទេស ព្រោះងាយបង្កគ្រោះថ្នាក់បំផុតសម្រាប់ខ្លួនឯង និងអ្នកដទៃ ដូចជាករណីនេះជាដើម៕ដោយ៖ សិលា