អន្តរជាតិ៖ បន្ទាប់ពីប្រធានប្រតិបត្តិតំបន់រដ្ឋបាលពិសេសហុងកុង លោកស្រីការី ឡាំ បានប្រកាសលើកពេលបោះឆ្នោតហុងកុង ដែលគ្រោងធ្វើនៅថ្ងៃទី ៦ខែកញ្ញាខាងមុខ ទៅធ្វើនៅឆ្នាំ២០២១វិញ ដោយសារតែហេតុផល ទប់ស្កាត់និងបង្ការការរាតត្បាត COVID-19 នោះ។ ស្រាប់តែប្រទេសចំនួន៥ មានដូចជា៖ អង់គ្លេស អាមេរិក កាណាដា អូស្ត្រាលី នូវែលសេឡង់ កាលពីថ្ងៃទី៩ខែសីហា ឆ្នាំ២០២០ម្សិលមិញនេះ បានជំរុញឲ្យតំបន់រដ្ឋបាលពិសេសហុងកុង រៀបចំការបោះឆ្នោតឲ្យបានឆាប់រហ័ស។ ជាមួយគ្នានេះ ប្រទេសទាំង៥ ក៏បានលើកឡើងពីបញ្ហាព្រួយបារម្ភមួយចំនួនផងដែរ ជុំវិញការហាមឃាត់បេក្ខជន ដែលមានទំនោរទៅរកប្រជាធិបតេយ្យចំនួន១២រូប ពីការឈរឈ្មោះបោះឆ្នោតសភាហុងកុងផងដែរ ។
ក្នុងសេចក្តីថ្លែងការណ៍រួមគ្នា រដ្ឋមន្ត្រីការបរទេសទាំង៥ បានអះអាងថាសកម្មភាពនៅក្នុងទីក្រុងហុងកុងបែបនេះ គឺជាការបំផ្លាញដំណើរការលទ្ធិប្រជាធិបតេយ្យ ដែលជាមូលដ្ឋាននៃស្ថិរភាព និងវិបុលភាពរបស់ទីក្រុងនេះ។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ រដ្ឋមន្ត្រីការបរទេសប្រទេស៥ដែលមានអង់គ្លេស អាមេរិក កាណាដា អូស្ត្រាលី នូវែលសេឡង់ បានលើកឡើងពីបញ្ហាបារម្ភជុំវិញការហាមឃាត់បេក្ខជនប្រជាធិបតេយ្យមិនឲ្យឈរឈ្មោះថាគឺជារឿងអយុត្តិធម៌ ឯការលើកពេលបោះឆ្នោត គឺមិនសមហេតុផល។
យ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍ដដែលនេះ មិនបានបញ្ជាក់ពីទណ្ឌកម្មពីការដាក់ទណ្ឌកម្មអ្វីឡើយ។ ប៉ុន្តែប្រមុខការទូតនៃក្រុមប្រទេសទាំង៥ ដែលជាក្រុមប្រទេស Five Eyes បានជំរុញឲ្យរដ្ឋាភិបាលហុងកុងរៀបចំការបោះឆ្នោតឲ្យបានឆាប់រហ័សបំផុត។
គួរបញ្ជាក់ថា ក្នុងការជំរុញឲ្យហុងកុងរៀបចំការបោះឆ្នោតឲ្យបានឆាប់រហ័សធ្វើឡើងស្របពេលគណៈអចិន្ត្រៃយ៍សភាប្រជាជនចិន កំពុងប្រជុំពីជំហានបន្ទាប់សម្រាប់សភាហុងកុង ដែលនឹងបញ្ចប់អាណត្តិនាពេលខាងមុខ។កិច្ចប្រជុំនេះ ក៏ជជែកគ្នាពីការបន្តអាណត្តិរបស់សភាហុងកុង។ សភាចិនដែលមានអំណាចបកស្រាយច្បាប់ក្នុងស្រុកនានានោះ អាចកំណត់ពីសិទ្ធិអំណាចរបស់សភាហុងកុងដែលអំឡុងពេលពេលពន្យារពេលបោះឆ្នោតនេះផងដែរ។ មិនតែប៉ុណ្ណោះនាពេលកន្លងមក ប្រធានប្រតិបត្តិតំបន់រដ្ឋបាលពិសេសហុងកុង លោកស្រី ការី ឡាំបានប្រកាសលើកពេលបោះឆ្នោត ស្របពេលករណីឆ្លងកូរ៉ូណាវីរុសនៅក្នុងទីក្រុង កំពុងតែកើនឡើង និងបន្ទាប់ពីហាមឃាត់បេក្ខជនដែលមានទំនោរទៅរកប្រជាធិបតេយ្យចំនួន ១២នាក់ មិនឲ្យឈរឈ្មោះបោះឆ្នោតសភាហុងកុង។
ដោយឡែកសហរដ្ឋអាមេរិកវិញ នៅថ្ងៃទី៧ ខែសីហាកន្លងទៅ បានសម្រេចដាក់ទណ្ឌកម្ម លើប្រធានប្រតិបត្តិហុងកុង លោកស្រីការី ឡាំរួមទាំងមន្ត្រីហុងកុង និងមន្ត្រីចិនផ្សេងទៀត ក្រោមហេតុផលថា បានចូលរួមបំផ្លាញលទ្ធិប្រជាធិបតេយ្យទីក្រុងហុងកុង និងចូលរួមអនុវត្តច្បាប់សន្តិសុខជាតិហុងកុង។ ទណ្ឌកម្មនេះ គឺជាការបង្កកទ្រព្យសម្បត្តិ និងការហាមរកស៊ីជាមួយអាមេរិក។
សូមជម្រាបថា សម្ព័ន្ធមិត្ត Five Eyes ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៤១ ដើម្បីចែករំលែកព័ត៌មានសម្ងាត់ និងស៊ើបការណ៍លើបញ្ហាមួយចំនួន។ ដោយរយៈពេលចុងក្រោយ សម្ព័ន្ធមិត្តមួយក្រុមនេះ ផ្ដោតការងារខ្លាំងទៅលើប្រទេសចិន៕ ដោយ៖ស តារា