អន្តរជាតិ៖ បើយោងតាមមន្ត្រីជាន់ខ្ពស់ផ្នែកសុខាភិបាលរបស់ប្រទេសនូវែលសេឡង់ បានប្រកាសថា គិតត្រឹមថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ម្សិលមិញនេះថា ប្រទេសខ្លួនមិនមានករណីឆ្លងជំងឺ COVID-19 ក្នុងប្រទេសចំនួន១០០ថ្ងៃគត់។ ប៉ុន្តែអាជ្ញាធរ ក៏បានព្រមានដល់ប្រជាជនឲ្យប្រុងប្រយ័ត្នបន្ថែមទៀតព្រោះមានប្រទេសវៀតណាម និងអូស្ត្រាលីជាមេរៀន ចំពោះករណីឆ្លងក្នុងសហគមន៍ ។
សូមជម្រាបថា ប្រទេសនូវែលសេឡង់ ស្ថិតក្នុងចំណោមប្រទេសតិចតួចដែលអាចត្រួតត្រាករណីឆ្លងក្នុងប្រទេស ក្រោយការអនុវត្តវិធានការតឹងរ៉ឹងមានករណីឆ្លងដំបូង និងការរឹតបន្តឹងនៅដំណាក់កាលក្រោយៗ។ រហូតមកទល់ពេលនេះ ករណីឆ្លង COVID-19 នៅនូវែលសេឡង់មានសរុប១២១៩នាក់ហើយករណីនៅសល់មាន២៣ ដែលបន្តទទួលបានការព្យាបាលនៅមជ្ឈមណ្ឌលរៀបចំដោយរដ្ឋ។ បន្ទាប់ពីប្រទេសកោះមហាសមុទ្រប៉ាស៊ីហ្វិកមួយនេះ ក៏មិនមានករណីឆ្លងក្នុងសហគមន៍ចំនួន១០០ថ្ងៃជាប់គ្នាមកហើយ។ បច្ចុប្បន្ន នូវែលសេឡង់ ជាប្រទេសមានសុវត្ថិភាពបំផុតលើពិភពលោក ។
គួរបញ្ជាក់ថា ប្រជាជននូវែលសេឡង់ បានវិលត្រឡប់ទៅរកស្ថានភាពធម្មតាឡើងវិញ អាជ្ញាធរក៏នៅតែបារម្ភដដែល។ ការមិនព្រមធ្វើតេស្តមិនប្រើប្រាស់កម្មវិធីតាមដានរបស់រដ្ឋ ហើយពេលខ្លះមិនអនុវត្តវិធានសុខាភិបាលនោះក្លាយជារឿងឈឺក្បាលសម្រាប់រដ្ឋាភិបាលប្រទេសនេះ។
លោក Ashley Bloomfield អគ្គនាយកសុខាភិបាលនូវែលសេឡង់និយាយបែបនេះក្នុងសន្និសីទថ្ងៃទី៩ ខែសីហាម្សិលមិញថា «ការសម្រេចបានរយៈពេល១០០ថ្ងៃគ្មានការឆ្លងក្នុងសហគមន៍ ជាការបោះជំហានដ៏សំខាន់មួយ ប៉ុន្តែដូចដែលយើងដឹងហើយ យើងមិនអាចធ្វេសប្រហែសឡើយ។» លោកអគ្គនាយកសុខាភិបាល បន្តថា នៅប្រទេសជាច្រើនដែលកន្លងទៅអាចគ្រប់គ្រងជំងឺ COVID-19 បានករណីឆ្លងក៏ងើបឡើងវិញ ដែលការណ៍នេះតម្រូវឲ្យនូវែលសេឡង់ត្រៀមខ្លួនសម្រាប់ការផ្ទុះឡើងណាមួយនៅពេលខាងមុខ។
លោក Bloomfield ទំនងចង់សំដៅស្ថានការណ៍នៅវៀតណាម និងអូស្ត្រាលី។ នៅវៀតណាមដែលកន្លងមកត្រូវបានមើលឃើញថា អាចគ្រប់គ្រងការឆ្លងបាននោះ អាជ្ញាធរកំពុងញាប់ដៃជើងក្នុងការទប់ស្កាត់ការរាលដាលនៅដាណាង ដែលបានឆ្លងដល់ខេត្តក្រុងច្រើនទៀត។ចំណែកអូស្ត្រាលីក្បែរខាងវិញ ក៏កំពុងតស៊ូនឹងការកើនឡើងករណីឆ្លងនៅទីក្រុងMelbourne ដែលរលកឆ្លងពេលនេះ កើតចេញពីការចន្លោះប្រហោងនៅតាមកន្លែងធ្វើចត្តាឡីស័ក។
គួរបញ្ជាក់ផងដែរថា នូវែលសេឡង់ កន្លងទៅក៏មានករណីចន្លោះប្រហោងនៅតាមកន្លែងដាក់ដោយឡែកដែរ ប៉ុន្តែការឆ្លើយតបទាន់ពេលវេលា បានជួយទប់ស្កាត់ករណីឆ្លង។ ជាក់ស្តែងកាលពីសប្ដាហ៍មុន រដ្ឋាភិបាលទីក្រុងវេលីងតុន បានពង្រឹងសុវត្ថិភាពកន្លែងធ្វើចត្តាឡីស័ក និងចាប់ផ្ដើមអភិវឌ្ឍបច្ចេកវិទ្យាតាមដានប្រជាជនរបស់ខ្លួនផងដែរ៕ដោយ៖ស តារា