ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមការងារទី៤ នៃ គ.យ.ក.ស ចុះត្រួតពិនិត្យការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅសាលាដំបូងខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅព្រឹក ថ្ងៃព្រហស្បតិ៍ ៩រោច ខែស្រាពណ៍ ឆ្នាំជូត ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ សមាជិកក្រុមការងារទី៤ គ.យ.ក.ស បានចូលរួមកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារ និងចំណាត់ការសំណុំរឿងកកស្ទះនៅសាលាដំបូងខេត្តព្រះសីហនុ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោកប្រធានសាលាដំបូង លោក ព្រះរាជអាជ្ញា លោក អនុប្រធានសាលាដំបូង លោក លោកស្រី ចៅក្រម ព្រះរាជអាជ្ញារង ក្រឡាបញ្ជី លោកប្រធានលេខាធិការរដ្ឋបាលសាលាដំបូង និងមន្រ្តីពាក់ព័ន្ធ។

សូមរំឮកថា៖ លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៍ ធ្លាប់ ធ្វើការណែនាំដល់ ព្រះរាជអាជ្ញា រួមទាំងអស់លោក លោកស្រី ជាចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជាមន្ត្រីតុលាការ និងមន្រ្តីរាជការទាំងអស់នៃសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត ដូចខាងក្រោម៖​

ទី១. ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជាមន្ត្រីតុលាការទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវអភិក្រមដ៏ថ្លៃថ្លាទាំង៥ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ដើម្បីធ្វើជាគោលការណ៍ក្នុងការអនុវត្តមុខងារ និងភារកិច្ចរបស់ខ្លួន ក៏ដូចជាក្នុងការដឹកនាំអង្គភាពសាលាជម្រះក្តី ។

ទី២. ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជាមន្ត្រីតុលាការទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់របស់ខ្លួន ក្នុងការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ដើម្បីផ្តល់ការកាត់ក្តីមួយប្រកបដោយអនាគតិ ក្នុងការធានាឱ្យបាននូវភាព យុតិ្តធម៌ ត្រឹមត្រូវជូនប្រជាពលរដ្ឋ ជាពិសេសគឺការវៀរចាកនូវអគិតធម៌ទាំង ៤ គឺ ឆន្ទាគតិ ទោសាគតិ ភយាគតិ និងមោហោគតិ ដូចដែលចៅក្រម ព្រះរាជអាជ្ញាទាំងអស់បានធ្វើសច្ចាប្រណិធាន នៅមុនពេលខ្លួនចូលកាន់តំណែង។

ទី៣. ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជាមន្ត្រីតុលាការទាំងអស់ ត្រូវចូលរួមលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូ និងកិត្យានុភាពនៃអង្គចៅក្រម ដោយត្រូវប្រកាន់ខ្ជាប់ឱ្យបានម៉ឺងម៉ាត់នូវវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈរបស់ចៅក្រម និងព្រះរាជអាជ្ញា ទាំងក្នុងពេលបំពេញការងារ ទាំងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ការប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន គឺជាការរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់កិត្តិយស និងសេចក្តីថ្លៃថ្នូរនៃអង្គចៅក្រមខ្លួនឯងហើយវាជាកត្តារួមចំណែកដ៏សំខាន់មិនអាចខ្វះបាន ក្នុងការពង្រឹងជំនឿទុកចិត្តពីសាធារណជនចំពោះវិស័យ​យុត្តិធម៌​។

ទី៤. ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជាមន្ត្រីតុលាការទាំងអស់ ត្រូវចូលរួមប្រកបដោយឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តនូវយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង​ នៅតាមសាលាដំបូងរាជធានី-ខេត្ត ដែលបានដាក់ចេញដោយក្រសួងយុត្តិធម៌ កាលពីថ្ងៃទី១៨ ខែឧសភា កន្លងទៅនេះ ដោយអនុវត្តឱ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់តាមអភិក្រម «លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ»។

ទី៥. ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជាមន្ត្រីតុលាការទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការបំពេញការងារ ដោយត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងពង្រឹង​កិច្ចសហប្រតិបតិ្តការល្អជាមួយអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ដើម្បីធានានូវដំណើរការល្អនៃស្ថាប័នតុលាការ ក៏ដូចជាប្រសិទ្ធភាពនៃការបម្រើសេវាយុតិ្តធម៌ឱ្យបានត្រឹមត្រូវជូនប្រជាពលរដ្ឋ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖