ភ្នំពេញ៖ បំណងល្អពីអ្នកលក់ខ្ចៅ! ពេជ្រ សោភា ប្រាប់ឲ្យប្រយ័ត្នចាញ់បោកអ្នកអនឡាញ (មេធំ) ដែលសម្ញែងទ្រព្យសម្បត្តិ ដើម្បីអូសទាញតំណាងចែកចាយលក់ដាច់ខ្លាំង តែចុងក្រោយគឺថាជាការសម្តែង។ ការទម្លាយរឿងរ៉ាវរសើបនេះក្រោយពីក្នុងបណ្តាញសង្គមបច្ចុប្បន្នកំពុងតែមានការចាប់អារម្មណ៍លើកអ្នកលក់អនឡាញសម្ញែងទ្រព្យហូរហៀរដែលបង្កប់ដោយភាពមិនប្រក្រតី។
ថ្មីៗនេះអ្នកលក់ផលិតផលអនឡាញ ជាច្រើន បានចេញមុខជាបន្ត បន្ទាប់ក្រោយពីពួកគាត់បានក្លាយជាជនរងគ្រោះដោយសារការចាញ់បោកមេធំ (អ្នកផ្គត់ផ្គង់ស្តុកផ្តាច់មុខ) តាមរយៈការមិនទទួលខុសត្រូវ ឬ មិនផ្តល់ទំនុកចិត្តជាដើម។ ពិសេសក្រោយពីម្ចាស់ប្រេនខ្លះក៏ល្បីធ្វើស៊ីជាលក្ខណៈប្រព័ន្ធទៅលើអ្នកលក់បន្តដែលធ្វើឲ្យកូនក្រុមខ្លះត្រូវចំណាយលុយខ្ទង់ម៉ឺនដុល្លារ។ស្របគ្នានឹងរឿងរ៉ាវដ៏រសើបនេះតារាចម្រៀង ពេជ្រ សោភា បានលាតត្រដាងសកម្មភាពមួយចំនួននៅពីក្រោយជំនួញបែបមិនស្មោះត្រង់មួយនេះ។
ពេជ្រ សោភា ថ្មីៗនេះបានសម្រេចចិត្ត Live វីដេអូ មកនិយាយអំពីល្បិចដ៏ខ្មៅកខ្វក់របស់ម្ចាស់ប្រេនខ្លះ ពិសេសអ្នកដែលតែងតែថតអួតលុយឡាន និងអួតពីកូនតំណាងចែកចាយរបស់ខ្លួនលក់តែផលិតផល ក៏ពួកគេក្លាយជាអ្នកមានក្នុងរយៈពេលដ៏ខ្លី ដែលនាងចាត់ទុកថាជាល្បិចគេទេ កុំជឿគេពេកប្រយ័ត្នចុងក្រោយ អស់គូទខោ។
ដើម្បីចង់ដឹងច្បាស់ថា ល្បិចធ្វើស៊ីរបស់ម្ចាស់ហ្វ្រេនលក់ផលិតផលរកស៊ីខិលខូចមួយចំនួនតូច ធ្វើឡើងជាលក្ខណៈប្រព័ន្ធ តាមជំហ៊ានៗ រហូតធ្វើឲ្យអ្នកយកផលិតផលលក់បន្តលង់ខ្លួន ដល់ថ្នាក់ហ៊ានសម្រេចចិត្តខ្ចីលុយធនាគារ តែទីបំផុត ត្រូវទឹកភ្នែក។ ទោះបីជាមិនវាយប្រហាចំឈ្មោះប៉ុន្តែម៉ាកសញ្ញាអ្នលក់ផលិតផលអនឡាញល្បីៗមួយចំនួននៅកម្ពុជាពិតជាកំពុងសម្ញែងទ្រព្យដ៏ស្តុកស្តម្ភដើម្បីបញ្ជាក់ពីភាពមានបានមកពីការលក់ដូរ និងជាទំនុកចិត្តសម្រាប់អ្នកលក់បន្ត។ បន្ថែមពីលើនេះអ្នកនាងក៏បានទម្លាយអំពីរូបភាពនៃសកម្មភាពមនុស្សធម៌មួយចំនួនដែលជាការបំផុសឲ្យមានការគាំទ្រមេក្រុមកាន់តែខ្លាំង ហើយនាងស្នើឲ្យមហាជនពិសេសក្រុមស្ត្រីមេផ្ទះឲ្យមានការប្រុងប្រយ័ត្នដើម្បីជៀសវាងការខាតបង់។ ការបញ្ជាក់របស់ពេជ្រ សោភា នេះក៏ក្រោយពេលដែលនារីម្នាក់បានសម្រេចចិត្តទម្លាយរឿងរ៉ាវនៅពីក្រោយការលក់ទំនិញអនឡាញដូចព្យុះ ដូចពេលបច្ចុប្បន្ន ដែលត្រឹមតែជាការកេញប្រវ័ញ្ចឬធ្វើស៊ីយ៉ាងសម្ងាត់រហូតមានជនរងគ្រោះជាច្រើនខាតបង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួននិងជំពាក់លុយធនាគារវ័នក៕ ដោយ៖ វឌ្ឍនា