អន្តរជាតិ៖ បន្ទាប់ពីក្រុមហ៊ុន TikTok និង WeChat ពេលនេះក្រុមហ៊ុន Alibaba នឹងក្លាយជាគោលដៅវាយប្រហារបន្ទាប់របស់ប្រធានាធិបតីដូណាល់ ត្រាំ ។
តាមសារព័ត៌មាន CNN បានផ្សាយថា ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ បានសំដៅទៅលើក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់ចិន គឺក្រុមហ៊ុនTikTok , ByteDance រហូតដល់ WeChat ហើយពេលនេះគឺក្រុមហ៊ុន Alibaba ដែលជាក្រុមហ៊ុនលក់រាយធំបំផុតលើពិភពលោក។
សកម្មភាពប្រឆាំងក្រុមហ៊ុនចិន បានបង្កឲ្យមានការប្រឈមមុខដាក់គ្នាជាទ្រង់ទ្រាយធំ ។ គោលដៅរបស់ប្រធានាធិបតីអាមេរិក គឺដើម្បី វាយប្រហារទៅលើបច្ចេកវិទ្យាចិន ដែលកំពុងរីកចម្រើន គ្របដណ្តប់ទូទាំងពិភពលោក។
លោក Alex Capri សាស្ត្រាចារ្យ មកពីមហាវិទ្យាល័យសិង្ហបុរី បានលើកឡើងថា «បច្ចុប្បន្ន ការផ្លាស់ប្តូរ ភូមិសាស្ត្រនយោបាយ ដោយសារតែការប្រកួតប្រជែងគ្នា ។ មន្ត្រីរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់ទៅលើក្រុមហ៊ុន បច្ចេកវិទ្យារបស់ចិន ហើយព្យាយាមលុបក្រុមហ៊ុនចិនចេញពីទឹកដីអាមេរិក និងបណ្តាប្រទេសលោកខាងលិច»។
ប៉ុន្តែមកដល់ពេលនេះក្រុមហ៊ុនអាលីបាបា មិនទាន់រងផលប៉ះពាល់នៅឡើយទេ ហើយអាមេរិកក៏មិនទាន់មានសកម្មភាពទៅលើក្រុមហ៊ុនអាលីបាបានៅឡើយដែរ។ កន្លងមកប្រធានាធិបតី ធ្លាប់បានជួបពិភាក្សាជាមួយមហាសេដ្ឋីក្រុមហ៊ុនអាលីបាបា លោក Jack Ma ដោយអ្នកទាំងពីរបានពិភាក្សាគ្នាដោយជិតស្និទ្ធបំផុត។ មិនតែប៉ុណ្ណោះ មហាសេដ្ឋីJack Ma ក៏បានផ្តល់ជំនួយដល់អាមេរិកប្រឆាំងកូវីដ-១៩ផងដែរ៕ដោយ៖ធី រីណា