ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុន អាលីបាបានឹងក្លាយជាគោលដៅវាយប្រហារ​បន្តរបស់លោកត្រាំ បន្ទាប់ពី TikTok

ចែករំលែក៖

អន្តរជាតិ៖ បន្ទាប់ពីក្រុមហ៊ុន TikTok និង WeChat ពេលនេះក្រុមហ៊ុន Alibaba នឹងក្លាយជាគោល​ដៅវាយប្រហារបន្ទាប់របស់ប្រធានាធិបតីដូណាល់ ត្រាំ ។
តាមសារព័ត៌មាន CNN​ បានផ្សាយថា ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ​ បានសំដៅទៅលើក្រុមហ៊ុនបច្ចេកវិទ្យា​ធំៗរបស់ចិន គឺក្រុមហ៊ុនTikTok , ByteDance រហូតដល់ WeChat ហើយពេលនេះគឺក្រុមហ៊ុន Alibaba ដែលជាក្រុមហ៊ុន​លក់រាយធំបំផុតលើពិភពលោក​។
សកម្មភាពប្រឆាំងក្រុមហ៊ុនចិន​ បានបង្កឲ្យមានការប្រឈមមុខដាក់គ្នាជាទ្រង់ទ្រាយធំ ។ គោលដៅរបស់ប្រធានាធិបតីអាមេរិក គឺដើម្បី វាយប្រហារទៅលើបច្ចេកវិទ្យាចិន ដែលកំពុងរីកចម្រើន គ្របដណ្តប់ទូទាំងពិភពលោក​។
លោក Alex Capri​ សាស្ត្រាចារ្យ មកពីមហាវិទ្យាល័យ​សិង្ហបុរី ​បានលើកឡើងថា «បច្ចុប្បន្ន​ ការផ្លាស់ប្តូរ ភូមិសាស្ត្រនយោបាយ ដោយសារតែការប្រកួតប្រជែងគ្នា ។ មន្ត្រីរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន​ បានចោទប្រកាន់ទៅលើក្រុមហ៊ុន បច្ចេកវិទ្យារបស់ចិន ​ហើយព្យាយាមលុបក្រុមហ៊ុនចិនចេញពីទឹកដីអាមេរិក និងបណ្តាប្រទេសលោកខាងលិច»។
ប៉ុន្តែមកដល់ពេលនេះក្រុមហ៊ុនអាលីបាបា មិនទាន់រងផលប៉ះពាល់នៅឡើយទេ ហើយអាមេរិកក៏មិនទាន់​មានសកម្មភាពទៅលើក្រុមហ៊ុន​អាលីបាបានៅឡើយដែរ។ កន្លង​មកប្រធានាធិបតី​ ធ្លាប់បានជួប​ពិភាក្សា​ជាមួយ​មហាសេដ្ឋីក្រុមហ៊ុនអាលីបាបា លោក Jack Ma ដោយអ្នកទាំងពីរ​បានពិភាក្សាគ្នាដោយជិតស្និទ្ធបំផុត​។​ មិនតែប៉ុណ្ណោះ មហាសេដ្ឋី​Jack Ma ក៏បានផ្តល់ជំនួយដល់អាមេរិក​ប្រឆាំង​កូវីដ​-១៩​ផងដែរ៕ដោយ៖ធី រីណា


ចែករំលែក៖