កូរ៉េខាងជើង៖ បើទោះបីប្រឈមនឹងផលប៉ះពាល់ខ្លាំងដោយសារតែគ្រោះទឹកជំនន់ និងបិទព្រំដែន ដោយសារតែការឆ្លងកូវីដ-១៩ កូរ៉េខាងជើង បានសម្រេចផ្អាកទទួលជំនួយពីបរទេស ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ តាមកញ្ចប់ទំនិញផ្តល់ជំនួយ។
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នៅថ្ងៃទី១៣ខែសីហាបានប្រកាសថាកូរ៉េខាងជើង កំពុងតែរងផលប៉ះពាល់យ៉ាងខ្លាំងដោយគ្រោះទឹកជំនន់ ប៉ុន្តែប្រទេសនេះនឹងមិនទទួលជំនួយពីបរទេសក្នុងពេលនេះឡើយ ដោយខ្លាចឆ្លងរាលដាលកូវីដ-១៩តាមរយៈជំនួយទាំងនោះ។
សារព័ត៌មានជាតិកូរ៉េខាងជើង(KCNA) បានផ្សាយថានៅក្នុងកិច្ចប្រជុំស្តីពីវិធីសាស្ត្រដោះស្រាយក្រោយគ្រោះទឹកជំនន់ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានបញ្ជាក់ថា ស្ថានភាព នៃការឆ្លងរាលដាលកូវីដ-១៩ កើនឡើងយ៉ាងខ្ពស់នៅលើពិភពលោក បង្ខំឲ្យប្រទេសនេះត្រូវបិទព្រំដែន ហើយចាត់វិធានការទប់ស្កាត់យ៉ាងតឹងតែងបំផុត ។ ទាំងនោះហើយកូរ៉េខាងជើង មិនទទួលជំនួយណាមួយពីក្រៅប្រទេសនោះឡើយ។
គ្រោះទឹកជំនន់បានបំផ្លាញផលដំណាំ កូរ៉េខាងជើងអស់ជិត៤០ពាន់ហិកតា និងផ្ទះសម្បែងជាង១៦ពាន់ខ្នងរងការខូចខាត ផ្លូវថ្នល់ជាច្រើនក៏រងការបំផ្លាញផងដែរដោយទឹកជំនន់៕ធី រីណា