ការប្រកួតវគ្គជម្រុះ៨ក្រុមចុងក្រោយបានបញ្ចប់ហើយកាលពីយប់មុិញ ដោយរកឃើញ៤ក្រុមចុងក្រោយ បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឬ១ភាគ៤ផ្តាច់ព្រ័ត្រនៃ ពានរង្វាន់ UEFA Champions League រដូវកាល២០១៩-២០២០។ ក្រុម Lyon បានយកឈ្នះក្រុមខ្លាំង មកពីអង់គ្លេស Man City ក្នុងលទ្ធផល ៣ទល់១ ឡើងទៅប៉ះក្រុមខ្លាំងរបស់អាល្លឺម៉ង់Bayern Munich វគ្គ៤ក្រុមចុងក្រោយ។
ការប្រកួតកាលពីយប់មុិញក្រុមខ្លាំង Man City បានព្យាយាមដាក់សម្ពាធយ៉ាងខ្លាំង ប៉ុន្តែមិនអាចធ្វើអ្វីទៅលើក្រុម Lyon បានឡើយ ដែលការគ្រប់គ្រងបាល់របស់ក្រុម Man City មានរហូត ដល់៧២ភាគរយឯណោះ។ ប៉ុន្តែនៅនាទីទី២៤ កីឡាករ Cornet របស់ក្រុម Lyon មានឱកាសរកគ្រាប់ បាល់នាំមុខមុន១គ្រាប់ រហូតចប់តង់ទី១។
ចូលដល់តង់ទី២នៅនាទីទី៦៩ ខ្សែបម្រើ De Bruyne របស់ក្រុមមេឃខៀវ Man City បានរកគ្រាប់បាល់១គ្រាប់តាមស្មើវិញ និងព្យាយាមសម្រុកយ៉ាងខ្លាំងទៅលើក្រុម Lyon ប៉ុន្តែនៅតែមិន អាចរកគ្រាប់បាល់បាន ផ្ទុយទៅវិញបែរជាកីឡាករ Dembélé របស់ក្រុម Lyon មានឱកាសរកគ្រាប់បាល់២គ្រាប់បន្ថែមទៀតគឺនៅនាទីទី៧៩ និងនៅនាទីទី៨៧ជិតចប់ការប្រកួត។
លទ្ធផលនេះធ្វើឲ្យក្រុមLyon មានឱកាសឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Champions League ដោយត្រូវប៉ះជាមួយក្រុមខ្លាំងមកពីអាល្លឺម្លង់Bayern Munich ។ ចំណែកក្រុមទៀតដែលត្រូវប៉ះគ្នាគឺក្រុមខ្លាំងមកពីបារាំង PSG ត្រូវប៉ះជាមួយក្រុមឡើងជើងមកពីអាល្លឺម៉ង់ដែរគឺ RB Leipzig ។
ក្រុមទាំង៤នឹងត្រូវប្រកួតគ្នាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅថ្ងៃទី១៩ និងទី២០ សីហាខាងមុខ។ រីឯវគ្គផ្តាច់ព្រ័ត្រគ្រោងធ្វើឡើងនៅថ្ងៃទី២៤ ខែសីហាឆ្នាំ២០២០ខាងមុខ ៕ដោយ៖ភារៈ