ខេត្តស្វាយរៀង៖ រថយន្តប្រភេទទេសចរណ៍ដឹកដំឡូងមីប្រមាណជាង៤០តោនសង្ស័យប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្នរ៉េចង្កូតធ្លាក់ផ្លូវបណ្ដាលឲ្យក្រឡាប់ជាច្រើនត្រឡប់សំណាងមនុស្សរងរបួសស្រាលបង្កការភ្ញាក់ផ្អើលទាំងកណ្ដាលអធ្រាត្រ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០០និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៦ខែសីហាឆ្នាំ២០២០ស្ថិតចំណុចកែងភូមិត្រោក ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថាអ្នកបើករថយន្តរងរបួសស្រាលមានឈ្មោះសេង ហ៑ាត អាយុ ២៤ឆ្នាំមានទីលំនៅភូមិត្រពាំងប្រីយ៍ ឃុំកណ្ដោលជ្រុំ ស្រុក ពញាក្រែក ខេត្ត ត្បូងឃ្មុំ។
តាមអ្នកបើកបរបានឲ្យដឹងថាមុនកើតហេតុខ្លួនបានបើករថយន្តដឹកដំឡូងមីម៉ាកដេវូ(វេអងភ្លៅ៥)ពាក់ស្លាកលេខ ត្បូងឃ្មុំ ៣A -១៦៣៦ ក្នុងទិសដៅពីជើងទៅត្បូងមានផ្ទុកដំឡូងមីប្រមាណជាង៤០តោនដោយយប់ផងក៏ជ្រុលចង្កូតចូលទៅផ្លូវលំធ្លាក់ក្រឡាប់បង្កការភ្ញាក់ផ្អើលតែម្ដង។
គ្រោះថ្នាក់ក្រឡាប់រថយន្តដឹកដំឡូងមីនេះមិនបង្កឱ្យផ្ទះអ្នកភូមិនិងមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ៕
ដោយ៖ យឹម សុថាន