កីឡាកររបស់ក្រុម Aberdeen នៅលីកកំពូលស្កុតឡេនចំនួន៨នាក់ដែលបានរំលោភលើពិធីសារលើការការពារជំងឺកូវីដ–១៩ និងបានជំរុញឲ្យការប្រកួតលីកចំនួន៣ប្រកួតត្រូវបានពន្យារពេល ដែលត្រូវបានសហព័ន្ធបាល់ទាត់ស្កុតឡេនស្តីបន្ទោស និងត្រូវពិន័យចំពោះការរំលោភនេះ។
ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានរាយការណ៍ថា កីឡាករបានទៅលេងក្នុងភោជនីយដ្ឋាន និងបារមួយកន្លែងកាលពីថ្ងៃទី០១ ខែសីហាដោយរំលោភលើពិធីសារពីការការពារជំងឺកូវីដ–១៩ផ្ទាល់ខ្លួនរបស់កីឡាករម្នាក់ៗ និងសេចក្តីណែនាំរបស់រដ្ឋាភិបាល។
ប្រធានក្លិប Aberdeen លោក Dave Cormack បាននិយាយថា “ជាលទ្ធផលនៃការស៊ើបអង្កេតរបស់យើង កីឡាករទាំងនេះត្រូវបានគេស្តីបន្ទោសយ៉ាងខ្លាំង និងពិន័យជាប្រាក់ផង។ តាមកិច្ចសន្យាលក្ខន្តិកៈត្រូវតែរក្សាការសម្ងាត់រវាងក្លិប និងកីឡាករម្នាក់ៗ ប៉ុន្តែត្រូវធានាថាការពិន័យផ្នែកហិរញ្ញវត្ថុគឺស្របទៅនឹងភាពធ្ងន់ធ្ងរនៃការពិន័យរបស់ពួកគេ”។
ប្រធានក្លិបលោក Dave Cormack បានអះអាងថា ការផាកពិន័យនេះនឹងត្រូវបរិច្ចាគទៅសេវាសុខភាពជាតិនៅទីក្រុង Grampian ហើយការកំណត់ពិធីសារ និងសេចក្តីណែនាំរបស់រដ្ឋាភិបាលស្កុតឡេនគឺអនុវត្តគ្រប់ក្លិប និងកីឡាករទាំងអស់ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ពេលនេះ។
ការប្រកួតរបស់ Aberdeen ជាមួយក្រុម St Johnstone កាលពីថ្ងៃទី០៩ ខែសីហាត្រូវបានពន្យារពេលបន្ទាប់ពីកីឡាករ២នាក់របស់ក្លិបបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ហើយការប្រកួតនោះត្រូវបានលើកទៅប្រកួតនៅថ្ងៃទី២០ ខែសីហាខាងមុខ។
កាលពីថ្ងៃពុធការប្រកួតក្នុងទឹកដីរបស់ក្រុម Aberdeen ជាមួយក្រុមHamilton និងក្រុម Celtic ក៏ត្រូវបានពន្យារពេលដែរ ខណៈដែលខ្សែការពារបែលហ្ស៊ិក Boli Bolingoli របស់ក្រុម Celtic ក៏បានរំលោភច្បាប់ពេលដាក់នៅដាច់ដោយឡែកពីគេ និងត្រូវបានសហព័ន្ធស្តីបន្ទោសផងដែរ។
សហព័ន្ធកីឡាបាល់ទាត់អាជីពស្កុតឡេន (SPFL) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានបើដំណើរការនីតិវិធីវិន័យដាច់ដោយឡែកពីគ្នារវាងក្រុម Celtic និងក្រុម Aberdeen ពីបទរំលោភបំពានសេចក្តីណែនាំពិធីសារការពារជំងឺកូវីដ-១៩ និងសេចក្តីណែនាំរបស់រដ្ឋាភិបាលស្តីពីសុខុមាលភាពសាធារណរៈ ៕
ដោយភារៈ