ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសដេញទាត្រឡប់មកផ្ទះរអិលជើងធ្លាក់ចូលស្រះទឹកលង់ស្លាប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងក្រុមគ្រួសាររាយការណ៍ទៅសមត្ថកិច្ចភ្លាមៗឱ្យមកពិនិត្យសពខណៈដែលពួកគាត់ប្រទះឃើញក្មេងប្រុសម្នាក់ស្លាប់ក្នុងស្រះទឹកខាងក្រោយផ្ទះកាលពីវេលាម៉ោង៤និង១៥នាទីរសៀលថ្ងៃទី១៨ខែសីហាឆ្នាំ២០២០ស្ថិតនៅចំណុចភូមិត្រពាំងត្រាវ ឃ៉ំញ ស្រុកកំពង់រោទ៍។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ក្មេងប្រុសខាងលើមានឈ្មោះ គី យ៉ាន អាយុ៧ឆ្នាំ មានទីលំនៅភូមិឃ៉ំកើតហេតុខាងលើ។

តាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុគាត់ឃើញក្មេងប្រុសខាងលើដើរដេញទាឱ្យត្រឡប់មកផ្ទះវិញដូចសព្វដង ដោយអ្នកភូមិម្នាក់ៗមិនបានចាប់អារម្មណ៍ថានឹងមានរឿងអ្វីកើតឡើងនោះទេ។ក្រោយមកនៅវេលាម៉ោង៤និង១៥នាទីរសៀលទើបមានការភ្ញាក់ផ្អើលប្រទះឃើញសពក្មេងប្រុសនោះអណ្ដែតទឹកនៅក្នុងស្រះទើបរាយការណ៍ប្រាប់សមត្ថកិច្ចតែម្ដង។

តាមការពិនិត្យសពរបស់សមត្ថកិច្ចនគរបាលជំនាញស្រុកនិងគ្រូពេទ្យបង្អែកស្រុកបញ្ជាក់ថាជនរងគ្រោះពិតជាស្លាប់ដោយសាររអិលជើងធ្លាក់ចូលស្រះទឹកខាងក្រោយផ្ទះប្រាកដមែន មិនមានស្លាកស្នាមអ្វីសម្គាល់ថាជារឿងឃាតកម្មនោះទេ។

សពត្រូវបានសមត្ថកិច្ចប្រគល់ឱ្យទៅក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕ យឹម សុថាន


ចែករំលែក៖