ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តពណ៌ត្រេអុីបុកម៉ូតូឆ្លងផ្លូវស្លាប់ម្នាក់ តៃកុងរថយន្តចុះរត់គេចខ្លួនបាត់

ចែករំលែក៖

      ខេត្តក្រចេះ៖ បុរសវ័យចំណាស់ម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុដោយសារជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តពណ៌ត្រេអុីមួយគ្រឿងបើកបុកពេញទំហឹង ហើយអ្នកបើកបររត់គេចខ្លួនបាត់ភ្លាមៗដែរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងម៉ូតូបណ្តាលឱ្យមនុស្សម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗនោះបានកើតឡើងនៅវេលាម៉ោង៧៖៣០ថ្ងៃទី ១៨​ ខែ​ សីហា​ ឆ្នាំ​ ២០២០​ត្រង់ចំណុចផ្លូវជាតិលេខ៧៦ ស្នួល-កែវសីមា ចន្លោះបង្គោលគីឡូម៉ែត្រលេខ​ ៤៦-៤៧​ ស្ថិតក្នុងភូមិគ្រញូងសែនជ័យខាងជេីង​ ឃុំគ្រញូងសែនជ័យ​ ស្រុកស្នួល​ ខេត្ត​ក្រចេះ​   

ប្រភពពីសមត្ថកិច្ចចរាចរណ៍ផ្លូវគោកបានឱ្យដឹងថា ជនរងគ្រោះជិះម៉ូតូហើយត្រូវរថយន្តបុកស្លាប់នោះឈ្មោះ ហាល់​ ប៉ាក់​ ភេទ​ ប្រុស​ អាយុ​ ៦២​ឆ្នាំ​ មានទីលំនៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី  ជិះម៉ូតូម៉ាក​វ៉េវ ពណ៌ក្រហម អត់ស្លាកលេខ បេីកបរពីទិសត្បូងទៅជេីង ។ 

ប្រភពបន្តថា ដោយសារតែការជិះម៉ូតូឆ្លងកាត់ផ្លូវខ្វះការប្រុងប្រយ័ត្នទើបបណ្តាលឱ្យរថយន្តនោះបុកយ៉ាងពេញទំហឹងតែម្តង ។ 

​ឯរថយន្តបង្ករហេតុនោះម៉ាកហ្វដអេវេីរែស​ ពណ៌ត្រេអុី​ ពាក់ស្លាកលេខ​ ខេមរភូមិន្ទ02. 2-6568 បើកបរធ្វើដំណើរក្នុងទិសដៅពីលិចទៅកេីត ពេលមកដល់ចំណុចកើតហេតុក៏បុកម៉ូតូយ៉ាងពេញទំហឹងតែម្តង។  

បន្ទាប់ពីកើតហេតុអ្នកបេីកបរក៏បានចុះរត់គេចខ្លួនបាត់ស្រមោលភ្លាមៗផងដែរ ។

ក្រោយកើតហេតុសមត្ថកិច្ចបានរឹបអូសយកវត្ថុតាងមានម៉ូតូ​ខូចខាតធ្ងន់​ធ្ងរមួយគ្រឿង និង​ រថយន្ត​ខូចខាតស្រាល​មួយគ្រឿងទៅរក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្នួល​  ដេីម្បីបន្តនីតិវិធីតាមក្រោយ   ដោយ៖ ជីវ័ន្ត


ចែករំលែក៖