ខេត្តកណ្តាល៖ ជនសង្ស័យពីរនាក់ កំពុងតែនាំគ្នាសេពគ្រឿងញៀនយ៉ាងសប្បាយក្នុងភូមិ ស្រាប់តែត្រូវកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកអញ្ចាញ ប្រទះឃើញក៏ឃាត់ខ្លួនជាក់ស្តែង រួមជាមួយថ្នាំញៀន និងវត្ថុតាងមួយចំនួន ។
ករណីឃាត់ខ្លួនករណីគ្រឿងញៀនខាងលើនេះ បានធ្វើឡេីងនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង២១និង៣០នាទីនៅចំណុចភូមិព្រែកថ្មីឃុំព្រែកអញ្ចាញស្រុកមុខកំពូលខេត្តកណ្ដាល ។
លោក អនុសេនីយ៍ឯក សែមតារ៉ារាជ នាយប៉ុស្ដិ៍ស្តីទី បានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់នោះរួមមាន៖ ១-ឈ្មោះ ផាន ធារ៉ា ភេទប្រុស អាយុ២៦ឆ្នាំមុខរបរកសិករ ទីលំនៅបច្ចុប្បន្នភូមិព្រែកថ្មីឃុំព្រែកអញ្ចាញស្រុកមុខកំពូលខេត្តកណ្ដាល(ឃាត់ខ្លួន) និង២- ឈ្មោះ ប៉ូ លាងហាក់ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិឈេីទាលឃុំស្វាយរមៀតស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល(ឃាត់ខ្លួន) ។
លោកនាយប៉ុស្ដិ៍ស្តីទីរូបនេះ បន្តថា ចំណែកវត្ថុតាងចាប់យកពីជនសង្ស័យទាំងពីរនាក់រួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន០១កញ្ចប់តូច សំភារៈសម្រាប់បេីប្រាស់គ្រឿងញៀនមួយចំនួន ។
ប្រភពដដែលបន្ថែមទៀតថា មុនពេលឈានដល់ការបង្ក្រាបករណីខាងលើនេះ នៅវេលាម៉ោងកើតហេតុខាងលើកម្លាំងប៉ុស្តិ៍ព្រែកអញ្ចាញ សហការជាមួយកម្លាំងជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកមុខកំពូល បានចុះបង្ក្រាបករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ពេលទៅដល់ចំណុចកេីតហេតុក៏ឃើញជនសង្ស័យខាងលេីកំពុងតែប្រើប្រាស់គ្រឿងញៀន រួចក៏ឃាត់ខ្លូនដេីម្បីសួរនាំឆែកឆេររកឃើញថ្នាំញៀនចំនួន០១កញ្ចប់តូចក៏ឃាត់ខ្លួនតែម្ដង ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះផាន ធារ៉ា បានសារភាពថាគ្រឿងញៀនចំនួន០១កញ្ចប់តូច ខ្លួនរេីសបាននៅក្នុងរោងក្បែរស្រះចិញ្ចឹមត្រី ភូមិព្រែកថ្មីឃុំព្រែកអញ្ចាញស្រុកមុខកំពូលខេត្តកណ្ដាល ។ បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងត្រូវបានយកមកអធិការដ្ឋាននគរបាលស្រុកមុខកំពូលកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ដោយ៖សហការី