ព័ត៌មានទាន់ហេតុការណ៍៖

ពុំមានព្រះសង្ឃនៅវត្តប្រាសាទ នាងខ្មៅកើតជំងឺកូវីដ-១៩ទេ គ្រាន់តែជាជំងឺផ្តាសាយធម្មតាប៉ុណ្ណោះ

ចែករំលែក៖

    ខេត្តតាកែវ៖  បើតាមការបញ្ជាក់ពីព្រះតេជគុណ ជួន កក្កដា ចៅអធិការ​វត្ត ប្រាសាទនាងខ្មៅបានឲ្យដឹងថា កាលពីរាត្រីថ្ងៃអង្គារទី១៨ ខែសីហា  ឆ្នាំ២០២០ ក្រសួងសុខាភិបាលបាន​ចុះ​​យក​កំហាក​ព្រះសង្ឃ​ចំនួន៣៤ អង្គ នៅវត្តប្រាសាទ នាងខ្មៅ ខេត្តតាកែវដើម្បីពិនិត្យរកជំងឺកូវីដ-១៩ ប៉ុន្តែជាលទ្ធផលបានបង្ហាញថា គ្រាន់តែ​ជាជំងឺផ្តាសាយធម្មតាប៉ុណ្ណោះ ។ 

តាមព្រះ​តេជគុណ​ព្រះធម្មវិជ្ជា ជួន កក្កដា ព្រឹទ្ធបុរសរង នៃសាកលវិទ្យាល័យព្រះសីហនុរាជ និងជាចៅអធិការ​វត្ត​ប្រាសាទនាងខ្មៅ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែសីហា នេះថា “សូមប្រ​គេនជូនជាព័ត៌មានដល់​ពុទ្ធ​បរិស័ទ​និងប្រជាពលរដ្ឋដែលរស់នៅមូលដ្ឋានឃុំរវៀង  ស្រុកសំរោង  ខេត្តតាកែវ ទាំងអស់ឲ្យបានជ្រាបថា  នារាត្រី​ថ្ងៃអង្គារ ទី១៨ ខែ សីហា  ឆ្នាំ២០២០  ក្រសួង សុខាភិបាល បានចុះមកយកកំហាក​ព្រះសង្ឃ​ចំនួន៣៤​អង្គក្នុង​វត្តប្រាសាទនាងខ្មៅ  ដើម្បីយកទៅពិនិត្យក្រែងមានផ្ទុកជំងឺកូវីដ-១៩  ប៉ុន្តែ​ពេល​នេះ​ជាលទ្ធផល​បានចេញ​មកហើយ គឺជំងឺផ្តាសាយធម្មតា​ប៉ុណ្ណោះ ។  ព្រះអង្គក៏បានអំពាវនាវសូមពុទ្ធបរិស័ទ និងប្រជាពលរដ្ឋទាំងអស់​ក្នុងមូលដ្ឋានមេត្តាកុំមានការភ្ញាក់ផ្អើល តាមការបំផុសបំផុលតាមបណ្តាញសង្គមហ្វេសប៊ុកឲ្យសោះ ​ព្រោះជា​ព័ត៌មានមិនពិតទេ”។

ប្រភពមួយបានឱឲ្យដឹងថាថ្មីៗនេះ ព្រះចៅអធិការវត្ត នាងខ្មៅ និងព្រះសង្ឃផ្សេងទៀត មានអាការៈផ្ដាសាយ ហើយបាន​ទៅព្យាបាលនៅផ្ទះគ្រូពេទ្យជាប់វត្ត ដែលជាគ្រូពេទ្យ ប្រចាំជាបន្តបន្ទាប់ ហើយគ្រូពេទ្យមិនយកថវិកា ទើបចៅ​អធិការវត្តបង្ហោះសារ ក្នុងបណ្ដាញសង្គមថ្លែងអំណរគុណដល់គ្រូពេទ្យ ហើយប្រជាពលរដ្ឋឃើញបែបនេះក៏យកព័ត៌មាន នោះទៅបន្តផ្សព្វផ្សាយបន្តគ្នា ធ្វើឲ្យមានភាពភ្ញាក់ផ្អើលនិងភ័ន្តច្រឡំ រហូតមានការទំនាក់ទំនង ចូលទៅ​ទូរស័ព្ទលេខ១១៥ ជាលេខពិសេសក្នុងការទាក់ទងជំងឺកូវីដ-១៩សុំឲ្យជួយធ្វើអន្តរាគមន៍ ចុះពិនិត្យតែម្តង។

ដោយឡែកលោកស្រី យក់ សម្បត្តិ រដ្ឋលេខា ធិការក្រសួងសុខាភិបាលបានប្រាប់ព័ត៌មានថា ក្រោយពី​ទទួល​បាន​ព័ត៌មានពាក់ព័ន្ធនឹងព្រះសង្ឃនៅវត្តនាងខ្មៅខាងលើនេះ លោកស្នងការរងផែនការងារសន្ដិសុខខេត្តតាកែវ សហការជាមួយអាជ្ញាធរពាក់ព័ន្ធចុះដល់ទីតាំងវត្ត​ ប្រាសាទនាងខ្មៅដោយលទ្ធផលពិនិត្យឃើញថា ព្រះសង្ឃមានជំងឺផ្ដាសាយ សរុបចំនួន២៨អង្គ ហើយអាជ្ញាធរស្នើសុំឲ្យគង់នៅក្នុងកុដិដោយឡែក និងពួកគាត់ត្រៀមខ្លួនសហ​ការ តាម​ជំនាញរបស់សុខាភិបាល។

ពាក់ព័ន្ធជំងឺកូវីដ-១៩វិញបើគិតត្រឹមព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ នៅកម្ពុជា បានរកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប២៧៣នាក់ (ស្រី្ត៥៤នាក់ និងបុរស ២១៩នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជា​សះស្បើយ​សរុបទូទាំងប្រទេស មានចំនួន២៥១នាក់ (ស្រី៥២នាក់ និងបុរស ១៩៩ នាក់) និង អ្នកសម្រាកព្យាបាលនៅ​ក្នុងមន្ទីរពេទ្យរដ្ឋ និងឯកជន មានចំនួនសរុប២២នាក់៕ដោយ៖ប្រាថ្នា


ចែករំលែក៖