អន្តរជាតិ៖ ប៉ូលិសប្រេស៊ីលបានឲ្យដឹងថា មានមនុស្ស ៥០នាក់ត្រូវបានចាប់ខ្លួន ដោយដកហូតបានគ្រឿងញៀន កូកាអ៊ីនរហូតដល់ទៅ១១តោន និងយន្តហោះ៧គ្រឿង ឧទ្ធម្ភាគចក្រ៥គ្រឿង រថយន្តដឹកទំនិញ៤២គ្រឿង ពាក់ព័ន្ធបណ្តាញ ជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំបំផុតទៅកាន់អឺរ៉ុប។
ប៉ូលិសប្រេស៊ីលនៅថ្ងៃទី ១៨ខែសីហា បានប្រកាសថា បានបំបែកបណ្តាញជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានពីមុនមក។ ជាមួយគ្នានោះក៏បានរឹបអូសទ្រព្យសម្បត្តិជាច្រើន ។
នៅក្នុងការបង្រ្កាបសកម្មភាពជួញដូរគ្រឿងញៀន មានកម្លាំងប៉ូលិស ជាង៦០០នាក់ចូលរួម ។ យុទ្ធនាការបោសសម្អាតគ្រឿងញៀនធ្វើឡើងនៅក្នុងរដ្ឋចំនួន១៣ទូទាំងប្រទេសប្រេស៊ីល ដោយមានសហការជាមួយ កម្លាំងប៉ូលិសបរទេសផងដែរ។
យុទ្ធនាការកម្ចាត់បណ្តាញជួញដូរគ្រឿងញៀន គឺសំដៅទៅលើ ក្រុមជួញដូរគ្រឿងញៀន៤ផ្សេងគ្នា ដែលតែងតែបញ្ជូនគ្រឿងញៀនឆ្លងចូលតាមព្រំដែន ប្រទេសប៉ារ៉ាហ្គាយ ហើយបានលក់នៅលើទីផ្សារ ប្រេស៊ីលនិងនាំទៅកាន់អឺរ៉ុប Cape Verde ៕
ដោយ៖ធី រីណា