អន្តរជាតិ៖ ទីបំផុត! ក្រុមហ៊ុន អេបផល (Apple) បានក្លាយក្រុមហ៊ុនអាមេរិកទី១ ដែលមានតម្លៃ ២ ទ្រីលានដុល្លារ លើទីផ្សារភាគហ៊ុន។ខណៈដែល ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ បានសម្រេចជោគជ័យថ្មីនេះ ក្នុងពេលត្រឹម២ឆ្នាំ ក្រោយខ្លួនបានក្លាយជាក្រុមហ៊ុនមានតម្លៃ១ទ្រីលានដុល្លារដំបូងរបស់ពិភពលោក ក្នុងឆ្នាំ២០១៨។
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន BBC បាននិយាយថា តម្លៃភាគហ៊ុនក្រុមហ៊ុនយក្សនេះ ឡើងដល់ ៤៦៧,៧៧ដុល្លារ នៅថ្ងៃទី ១៩ខែសីហា ដែលធ្វើឲ្យតម្លៃភាគហ៊ុនសរុប របស់ក្រុមហ៊ុនេះ Apple ហក់ឡើងដល់២ទ្រីលានដុល្លារ។ បន្ថែមពីនេះ ក្រៅពីក្រុមហ៊ុនApple មានតែក្រុមហ៊ុនមួយប៉ុណ្ណោះ ដែលធ្លាប់ឈានដល់តម្លៃ២ទ្រីលានដុល្លារ ហើយនោះគឺជាក្រុមហ៊ុនប្រេងរដ្ឋ Saudi Aramco របស់ប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងខែធ្នូឆ្នាំ២០១៩។ ក៏ប៉ុន្តែតម្លៃរបស់ក្រុមហ៊ុនប្រេងយក្សនេះ បានធ្លាក់ចុះមក ១,៨ទ្រីលានដុល្លារវិញ ចាប់តាំងពីនោះមក។
ទីភ្នាក់ងារសារព័ត៌មាន BBC បានឲ្យដឹងទៀតថា ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Apple បានវ៉ាដាច់ក្រុមហ៊ុនប្រេងរបស់អារ៉ាប៊ីសាអូឌីតនេះក្លាយជាក្រុមហ៊ុនមានតម្លៃពាណិជ្ជកម្មថ្លៃបំផុតរបស់ពិភពលោក នៅចុងខែកក្កដាកន្លងទៅ។ ដែលធ្វើឲ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនផលិតទូរសព្ទដៃ iPhone នេះ បានហក់ឡើងជាង៥០ភាគរយក្នុងឆ្នាំ២០២០នេះ ទៅះជាវិបត្តិជំងឺរាតត្បាតសកល COVID-19 បានបង្ខំឲ្យហាងApple ជាច្រើនបិទទ្វារក៏ដោយ។
ដោយឡែកសូមជម្រាបដែរថា ក្រុមហ៊ុន Microsoft និង Amazon តាមពីក្រោយក្រុមហ៊ុន Apple ជាក្រុមហ៊ុនដែលមានតម្លៃខ្ពស់បំផុតរបស់សហរដ្ឋអាមេរិក ដោយពួកគេមានតម្លៃប្រមាណ ១,៦ទ្រីលានដុល្លាររៀងៗខ្លួន។ ចំណែកក្រុមហ៊ុន Ahphabet ដែលជាម្ចាស់ Google នៅពីក្រោយគេ ជាមួយតម្លៃជាង១ទ្រីលានដុល្លារផងដែរ ៕ដោយ៖ស តារា