ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស Apple ក្លាយជា​ក្រុមហ៊ុន​អាមេរិក​ទីមួយ ដែលមាន​តម្លៃ​២​ទ្រី​លាន​ដុល្លារ​

ចែករំលែក៖

អន្តរជាតិ៖ ទីបំផុត! ក្រុមហ៊ុន អេប​ផល (Apple) បានក្លាយ​ក្រុមហ៊ុន​អាមេរិក​ទី​១ ដែលមាន​តម្លៃ ២ ទ្រី​លាន​ដុល្លារ លើ​ទីផ្សារ​ភាគហ៊ុន​។ខណៈដែល ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្សមួយនេះ  បានសម្រេច​ជោគជ័យ​ថ្មី​នេះ ក្នុងពេល​ត្រឹម​២​ឆ្នាំ ក្រោយ​ខ្លួន​បាន​ក្លាយជា​ក្រុមហ៊ុន​មានតម្លៃ១​ទ្រី​លាន​ដុល្លារដំបូង​របស់​ពិភពលោក ក្នុង​ឆ្នាំ​២០១៨​។

​បើតាម​ការចុះផ្សាយ​របស់ទីភ្នាក់ងារសារព័ត៌មាន BBC បាននិយាយថា តម្លៃ​ភាគហ៊ុន​ក្រុមហ៊ុន​យក្ស​នេះ ឡើងដល់ ៤៦៧,៧៧​ដុល្លារ នៅ​ថ្ងៃទី ១៩ខែសីហា ដែល​ធ្វើ​ឲ្យ​តម្លៃ​ភាគហ៊ុន​សរុប របស់​ក្រុម​ហ៊ុ​នេះ Apple ហក់​ឡើងដល់​២​ទ្រី​លាន​ដុល្លារ​។​ បន្ថែមពីនេះ ក្រៅពី​ក្រុមហ៊ុន​Apple មានតែ​ក្រុមហ៊ុន​មួយ​ប៉ុណ្ណោះ ដែល​ធ្លាប់​ឈានដល់​តម្លៃ​២​ទ្រី​លាន​ដុល្លារ ហើយ​នោះ​គឺជា​ក្រុមហ៊ុន​ប្រេង​រដ្ឋ Saudi Aramco របស់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ក្នុង​ខែធ្នូឆ្នាំ​២០១៩​។ ក៏ប៉ុន្តែ​តម្លៃ​របស់​ក្រុមហ៊ុន​ប្រេង​យក្ស​នេះ បាន​ធ្លាក់​ចុះមក ១,៨​ទ្រី​លាន​ដុល្លារ​វិញ ចាប់តាំងពី​នោះមក​។​

​ទីភ្នាក់ងារសារព័ត៌មាន BBC បានឲ្យដឹងទៀតថា ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក Apple បាន​វ៉ា​ដាច់​ក្រុមហ៊ុន​ប្រេង​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​នេះក្លាយជា​ក្រុមហ៊ុន​មានតម្លៃ​ពាណិជ្ជកម្ម​ថ្លៃ​បំផុត​របស់​ពិភពលោក នៅ​ចុងខែ​កក្កដាកន្លងទៅ​។ ដែលធ្វើឲ្យតម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ផលិត​ទូរ​សព្ទ​ដៃ iPhone នេះ បាន​ហក់​ឡើង​ជាង​៥០​ភាគរយ​ក្នុង​ឆ្នាំ​២០២០​នេះ ទៅះ​ជា​វិបត្តិ​ជំងឺ​រាតត្បាត​សកល COVID-19 បាន​បង្ខំ​ឲ្យ​ហាងApple ជាច្រើន​បិទទ្វារ​ក៏ដោយ​។

​ដោយឡែកសូមជម្រាបដែរថា ក្រុមហ៊ុន Microsoft និង Amazon តាម​ពីក្រោយ​ក្រុមហ៊ុន Apple ជា​ក្រុមហ៊ុន​ដែលមាន​តម្លៃ​ខ្ពស់បំផុតរបស់​សហរដ្ឋអាមេរិក ដោយ​ពួកគេ​មានតម្លៃ​ប្រមាណ ១,៦​ទ្រី​លាន​ដុល្លារ​រៀងៗ​ខ្លួន​។ ចំណែក​ក្រុមហ៊ុន Ahphabet ដែលជា​ម្ចាស់ Google នៅ​ពីក្រោយ​គេ ជាមួយ​តម្លៃ​ជាង​១​ទ្រី​លាន​ដុល្លារផងដែរ ​៕ដោយ៖ស តារា


ចែករំលែក៖