ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃនេះសមត្ថកិច្ច នឹងបញ្ជូនខ្លួនអធិការរងនគរបាលស្រុកសំរោងទងទៅតុលាការរឿងបាញ់បោះសេរី និងរំលោភបទបញ្ជា

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឱ្យស្នងការនគរបាលខេត្តកំពង់ស្ពឺ បញ្ជូនខ្លួនលោក កង ភារី អធិការរងនគរបាលស្រុកសំរោងទង ទៅតុលាការនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០នេះ ដើម្បីចាត់ការតាមផ្លូវច្បាប់ ពាក់ព័ន្ធករណីផឹកស្រាស្រវឹងបាញ់បោះសេរី ផ្អើលប្រជាពលរដ្ឋ។
នាយឧត្តមសេនីយ៍អគ្គស្នងការថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក នៅព្រលប់ថ្ងៃទី២១ ខែសីហានេះ ថា “លោក កង ភារី អធិការរងនគរបាលស្រុកសំរោងទង គឺរំលោភបទបញ្ជា ពោលថ្ងៃឈប់សម្រាកជំនួសចូលឆ្នាំខ្មែរ បទបញ្ជានគរបាលត្រូវប្រចាំការការពារជូនប្រជាពលរដ្ឋ បែរជាទៅផឹកស្រាស្រវឹង និងបាញ់បោះសេរីខុសច្បាប់”។
នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានអះអាងថា ៖ លោកបានបញ្ជាទៅស្នងការនគរបាលខេត្តកំពង់ស្ពឺ ឱ្យបញ្ជូនខ្លួនអធិការរងនគរបាលស្រុកសំរោងទងទៅតុលាការ នៅថ្ងៃទី២២ ខែសីហា ដើម្បីចាត់ការតាមផ្លូវច្បាប់។
សូមបញ្ជាក់ថា ៖ យោងតាមរបាយការណ៍របស់អធិការនគរបាលស្រុកសំរោងទង បានឱ្យដឹងថា ៖ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ លោក កង ភារី អធិការរងទទួលការងារសន្តិសុខ នៃអធិការដ្ឋាននគរបាលស្រុកសំរោងទង បានធ្វើសកម្មភាពបាញ់បោះសេរីចំនួន ៣គ្រាប់ នៅចំណុចបរិវេណសាលាស្រុកសំរោងទង និងនៅថ្ងៃទី១៩ ខែសីហា បាននាំកូនចៅឈរបាញ់ដោយសេរីជាច្រើនគ្រាប់បន្ថែមទៀត។
ក្នុងនោះតាមរបាយការណ៍បញ្ជាក់បន្តថា៖ ថ្ងៃទី១៨ ខែសីហា លោកអធិការរង កង ភារី បាញ់បោះចំនួន៣គ្រាប់ និងថ្ងៃទី១៩ បាននាំកូនចៅបាញ់បោះសប្បាយបន្ថែមទៀត ចំនួន៥នាក់ ក្នុងម្នាក់ៗបាញ់២គ្រាប់។ ប៉ុន្តែសមត្ថកិច្ចប្រមូលសំបកកាទុសនៅកន្លែងហេតុបានតែចំនួន១១សំបកកាទុសប៉ុណ្ណោះ។
ប្រជាពលរដ្ឋរិៈគន់ថា៖ ខ្លួនជាសមត្ថកិច្ចមកប្រព្រឹត្តអំពើមិនថ្លៃថ្នូរល្មើសច្បាប់ ស្មើមនុស្សពាលអវិជ្ជា ដែលសង្គមស្អប់ខ្ពើមបំផុត៕

ដោយ៖ សិលា


ចែករំលែក៖