អន្តរជាតិ៖ កាលពីថ្ងៃសុក្រទី២១ ខែសីហាម្សិលមុិញនេះ បើតាមការអះអាងពីលោក Javad Zarif រដ្ឋមន្ត្រីការបរទេសអុីរ៉ង់ បានប្រកាសថាសហរដ្ឋអាមេរិកគ្មានសិទ្ធិទាមទារអង្គការសហប្រជាជាតិបន្តដាក់ទណ្ឌកម្ម ប្រឆាំងនឹងប្រទេសអុីរ៉ង់នោះទេ ដ្បិតថាប្រទេសមហាអំណាចមួយនេះបានបាត់បង់សិទ្ធិតាំងពីឆ្នាំ ២០១៨មកម្ល៉េះ។
បើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Aljazeera នៅថ្ងៃសុក្រទី២១ ខែសីហា ឆ្នាំ២០២០ បានដកស្រង់នៅក្នុងលិខិតមួយផ្ញើទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លោក Javad Zarif បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកបានបាត់បង់សិទ្ធិទាមទារ តាំងពីឆ្នាំ២០១៨មកម្ល៉េះ នៅពេលដែលប្រទេសនេះបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែររវាងអុីរ៉ង់ និងមហាអំណាចពិភពលោក។
រដ្ឋមន្ត្រីរូបនេះបន្តថា ការដកខ្លួនចេញជាឯកតោភាគីរបស់សហរដ្ឋអាមេរិក គឺបានរំលោភលើដំណោះស្រាយរបស់អង្គការសហប្រជាជាតិយ៉ាងធ្ងន់ធ្ងរដែលតម្រូវឲ្យបណ្តាប្រទេសហត្ថលេខីទាំងអស់ ជៀសវៀងការបំផ្លាញចំពោះកិច្ចព្រមព្រៀងនេះ។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២០ កន្លងទៅនេះក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ បានបោះឆ្នោតប្រឆាំងសេចក្តីសម្រេចស្នើឡើង ដោយអាមេរិកដែលចង់ឲ្យអង្គការសហប្រជាជាតិ ពន្យារការដាក់ទណ្ឌកម្មសព្វាវុធលើអុីរ៉ង់ ខណៈដែលកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ បានចែងថា ទណ្ឌកម្មរបស់ UN លើអាវុធអុីរ៉ង់នឹងត្រូវចប់សុពលភាពនៅខែតុលា ចុងឆ្នាំនេះតែម្តង៕ដោយ៖ស តារា