ព័ត៌មានទាន់ហេតុការណ៍៖

ថៃបន្តរក្សាការអនុវត្តច្បាប់គ្រាអាសន្នបន្ថែម​១ខែទៀត

ចែករំលែក៖

    ប្រទេសថៃ៖ នៅថ្ងៃទី​២៥ខែសីហា គណៈរដ្ឋមន្ត្រីថៃ បានអនុម័តពន្យារការអនុវត្តច្បាប់គ្រាមានអាសន្នបន្ថែម​១ខែទៀត រហូតដល់ថ្ងៃទី​៣០ ខែកញ្ញា​ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-​១៩ ល្អបំផុត។
ការពន្យារពេលបន្តអនុវត្តច្បាប់គ្រាអាសន្ន គឺជាលើកទី​៥ហើយនៅក្នុងប្រទេសថៃ ចាប់តំាងពីច្បាប់នេះត្រូវបានអនុម័តកាលពីខែមីនា ឆ្នាំ​២០២០។ លោកAnucha Burapachaisri អ្នកនាំពាក្យរដ្ឋាភិបាលថៃ បានឲ្យដឹងថា ការសម្រេចខាងលើ​របស់រដ្ឋាភិបាលគឺបំពេញទៅតាមសំណើរបស់ មជ្ឈមណ្ឌលគ្រប់គ្រង ជំងឺឆ្លង កូវីដ-​១៩ (CCSA) ដើម្បីទប់ស្កាត់ស្ថានភាព​ឆ្លងរាលដាលកាន់តែខ្លាំងឡើង​។
កន្លងមកគណៈកម្មការសន្តិសុខជាតិ​(NSC)បានយល់ព្រម ពន្យារពេលមួយខែទៀត​សម្រាប់ការអនុវត្តច្បាប់គ្រាអាសន្ន ប៉ុន្តែច្បាប់នេះមិនសំដៅទៅលើក្រុមបាតុកម្មពាក់ព័ន្ធនយោបាយនោះឡើយ។
អំពីស្ថានភាពជំងឺឆ្លង គិតដល់ថ្ងៃទី​២៥ខែសីហា ថៃរកឃើញករណីឆ្លងកូវីដ​-១៩ថ្មី​តែ​៥នាក់ប៉ុណ្ណោះ​ ជាពលរដ្ឋថៃវិលត្រឡប់មកពីក្រៅប្រទេស ហើយបានដាក់នៅដាច់ដោយឡែក មិនមែនករណីឆ្លងក្នុងសហគមន៍ឡើយ។ សរុបមកទល់ពេលនេះថៃមានករណីឆ្លង ៣.៤០២នាក់​និងស្លាប់​៥៨នាក់៕ដោយ៖ធី រីណា


ចែករំលែក៖