ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋអាមេរិកធ្វើបាតុកម្មពេញមួយយប់ ដុតបំផ្លាញផ្ទះសម្បែងនិងរថយន្តជាច្រើនគ្រឿង

ចែករំលែក៖

អន្តរជាតិ៖បាតុកម្មប្រឆាំងការរើសអើងជាតិសាសន៍​បានផ្ទុះឡើងសាជាថ្មី​នៅរដ្ឋWisconsin របស់អាមេរិក​ ក្រោយពេលបុរសជនជាតិស្បែកខ្មៅវ័យ​២៩ឆ្នាំ​ ត្រូវប៉ូលិសក្នុងតំបន់​បាញ់ដល់ទៅ​៧គ្រាប់ចំខ្នង។
តាមសារព័ត៌មាន​ CNN បានផ្សាយថា​ មានក្រុមជនជាតិស្បែកខ្មៅ​​នៅទីក្រុង Kenosha រដ្ឋ Wisconsin បាននាំគ្នាធ្វើបាតុកម្ម​ ពេញមួយយប់ថ្ងៃទី​២៤ ខែសីហា ដោយបានដុតបំផ្លាញរថយន្តជាច្រើនគ្រឿង​។ បាតុកម្មកើតឡើងក្រោយបុរសជនជាតិស្បែកខ្មៅវ័យ​២៩ឆ្នាំឈ្មោះJacob Blake ត្រូវប៉ូលិសបាញ់ដល់ទៅ៧គ្រាប់ចំខ្នងកាលពីរសៀលថ្ងៃទី​២៣ខែសីហា​។
ក្រុមបាតុករខឹងសម្បាយ៉ាងខ្លាំង ​ដោយបានដុតបំផ្លាញ​ផ្ទះ​៣ខ្នងនៅតំបន់ Kenosha ​​ក្នុងនោះមានហាងលក់គ្រឿងសង្ហារិម​​ យានដ្ឋានជួសជុលរថយន្ត និងទីតាំង​មន្ត្រីក្នុងតំបន់​។​ រថយន្តរាប់សិបគ្រឿង​រងការដុតបំផ្លាញ ក្នុងនោះមានទាំងរថយន្តពន្លត់អគ្គិភ័យផងដែរ។
នៅមុនពេលដុតបំផ្លាញ​ ក្រុមបាតុករបានប្រមូលផ្តុំគ្នានៅ​មុខទីតាំងប៉ូលិសក្នុងទីក្រុង​Kenosha និងទីតាំងតុលាការ ប្រឆាំងការរើសអើងជាតិសាសន៍។ ក្រុមបាតុកម្មបានលើក​ស្លាកបដាថា​«អាយុជីវិតក្រុមជនជាតិស្បែកខ្មៅ​មិនសំខាន់»។
សារព័ត៌មានរ៉យទ័រ បានផ្សាយថាមេធាវី​ ​​បុរសជនជាតិស្បែកខ្មៅបានលើកឡើងថា​ លោក​Blakeបានព្យាយាមផ្សះផ្សាការឈ្លោះប្រកែកគ្នាជាមួយមនុស្សពីរនាក់ទៀត។​ នៅពេល​Blake ដើរទៅកាន់រថយន្ត ក៏ត្រូវប៉ូលិសដកកាំភ្លើងខ្លីបាញ់Blake នៅចំពោះមុខកូនតូច​៣នាក៉ មានអាយុពី​៣-៨ឆ្នាំ។ លោក​Blakeបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់បំផុត​ ប៉ុន្តែនៅពេលនេះ​រួចផុតពីគ្រោះថ្នាក់ហើយ​៕ដោយ៖ធី រីណា


ចែករំលែក៖