ខេត្តពោធិ៍សាត់ ៖ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ លោក វរសេនីយ៍ឯក យិន ស៊ាងហៃ អធិការនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានដឹកនាំមន្ត្រីក្រោមឱវាទសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ឆែកឆេរបន្ទប់ជួលមួយកន្លែង រកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនមួយចំនួន រួមទាំងឧបករណ៍ប្រើប្រាស់ថ្នាំញៀនផ្សេងៗ និងសម្ភារមួយចំនួន។ចំណែកជនជាប់ពាក់ព័ន្ធនាំគ្នារត់គេចខ្លួនបាត់អស់ ។
ការឆែកឆេរផ្ទះជួលពាក់ព័ន្ធគ្រឿងញៀនខាងលើ ធ្វើឡើងនៅវេលាម៉ោង១១ និង១០នាទីថ្ងៃព្រឹក ថ្ងៃអង្គារ ៧កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចបន្ទប់ជួលលេខបេ២ ស្ថិតនៅភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់ ។
សមត្ថកិច្ចចុះអនុវត្តការងារខាងលើបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលផ្ទះព្រៃលោកចៅសង្កាត់រង បានចុះត្រួតពិនិត្យនៅចំណុចកើតហេតុ ស្រាប់តែឃើញមានមនុស្ស១នាក់រត់ចេញ ពីបន្ទប់ជួលខាងលើហើយដោយមានការសង្ស័យក៍រាយការណ៍ជូនលោកអធិការនគរបាលក្រុងពោធិ៍សាត់ និងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដើម្បីឆែកឆេរបន្ទប់ជួលខាងលើ។ ជាលទ្ធផលសមត្ថកិច្ច រកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន១៣កញ្ចប់ ធំនិង៣កញ្ចប់ ដែលទម្ងន់ទាំងសម្បកមាន៣៤.៧៥ក្រាម ជញ្ជីងអេឡិចត្រូនិច១គ្រឿង និងឧបករណ៍ផ្សេងៗមួយចំនួន រួមទាំងម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ ១k ៨៣៦២ ។
មន្រ្តីដដែលបន្តទៀតថា បន្ទាប់មកសមត្ថកិច្ចបានរុករកឃើញមានម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន៣៥កញ្ចប់តូចទៀតនៅក្នុងកែបម៉ូតូ ដែលមានទម្ងន់ចំនួន៣១.៧០ក្រាមរួមទាំងឧបករណ៍ផ្សេងៗផងដែរ។ វត្ថុតាង និងសម្ភារទាំងអស់ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកជាភស្តុតានៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីរង់ចាំបន្តនីតិវិធី ៕ ដោយ៖បុឹម ពិន