ព័ត៌មានទាន់ហេតុការណ៍៖

ឆេះអស់៣៣តូបករណីអគ្គិភ័យក្នុងផ្សារណាត់ ខេត្តបាត់ដំបងពីម្សិលមិញ

ចែករំលែក៖

ខេត្តបាត់ដំបង៖ អាជ្ញាធរខេត្តបាត់ដំបងនិងអាជីវករជាច្រើនមានការសោកស្តាយយ៉ាងខ្លាំងខណ:តូបលក់ដូរនៅផ្សារណាត់ ខេត្តបាត់ដំបង ចំនួន៣៣តូប ក្នុងចំណោម ៣៣៥តូប ត្រូវអគ្គិភ័យលេបត្របាក់ទាំងស្រុងកាលពីព្រលប់ថ្ងៃទី៣០ ខែសីហាម្សិលមិញនេះ។ 

ការសោកស្តាយទាំងនេះបានតម្រូវឲ្យ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ដឹកនាំក្រុមការងារជំនាញ ចុះជួបសំណេះសំណាល និងដោះស្រាយជូនអាជីវករផ្សារដែលរងគ្រោះដោយអគ្គិភ័យនាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះខណ:បងប្អូនអាជីវកតឆេះតូបអស់៣៣តូប។

លោកអភិបាលខេត្ត បានសម្រេចឲ្យអាជីវកររងគ្រោះទាំងអស់រៀបចំតូបលក់ដូរដូចដើមវិញ និងឲ្យគណ:គ្រប់គ្រងផ្សារធ្វើស្ថិតិនៃការខូចខាតទំនិញនិងតូបលក់ដូរទាំងអស់ដើម្បីអាជ្ញាធរមានគោលការណ៍ជួសជុលនិងកែសោភណភាពផ្សារឡើងវិញ ព្រោះផ្សារនេះចាត់ទុកជាផ្សារបេតិកភណ្ឌមានតម្លៃបានបន្សល់ទុកតាំងពីឆ្នាំ១៩៣៧មកម្ល៉េះ។

អាជ្ញាធរខេត្តបាត់ដំបងបានឲ្យដឹងថា ផ្សារណាត់ ឬផ្សារធំថ្មី នៃខេត្តបាត់ដំបងនេះ ត្រូវបានសាងសង់ឡើងក្នុងឆ្នាំ១៩៣៧ ក្នុងរជ្ជកាលហ្លួងព្រះស៊ីសុវត្ថិមុនីវង្ស។ ក្រៅតែពីជាតំបន់ពាណិជ្ជកម្មមួយដ៏សំខាន់ផ្សារណាត់នេះ ក៏ត្រូវបានគេចាត់ទុកថាជាសំណង់បេតិកភណ្ឌ ដ៏មានតម្លៃមួយនៃខេត្តបាត់ដំបង។

អ្វីដែលមានការសោកស្តាយខ្លាំងនោះ មានគ្រោះអគ្គិភ័យ បានកើតឡើងកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ ម្សិលមិញដោយបំផ្លាញតូបលក់ដូរអស់៣៣តូបនិងបំផ្លាញទំនិញនិងសម្ភារប្រើប្រាស់អស់រាប់ម៉ឺនដុល្លារ។

ក្នុងករណីនេះសមត្ថកិច្ចចម្រុះបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៧គ្រឿង ក្នុងនោះរថយន្តមកពីស្នងការនគរបាលខេត្តចំនួន ៣គ្រឿង, ស្រុកសង្កែ១គ្រឿង, ស្រុកថ្មគោល១គ្រឿង, ស្រុកឯកភ្នំ១គ្រឿង និងស្រុកបាណន់ ១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២៩ រថយន្តទើបភ្លើងរលត់ជាស្ថាពរ។

យ៉ាងណាសមត្ថកិច្ចជំនាញកំពុងចុះត្រួតពិនិត្យជាក់ស្តែងនៅកន្លែងកើតហេតុ និងកំពុងស្រាវជ្រាវរកមូលហេតុដែលបណ្តាលឲ្យឆេះផ្សារនេះនៅឡើយ៕ដោយ៖ប្រាថ្នា


ចែករំលែក៖