ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាល​អាល្លឺម៉ង់ អះអាងថា៖ មេដឹកនាំ​បក្សប្រឆាំង​រុស្ស៊ី លោក Alexei Navalny ត្រូវ​ថ្នាំពុល​ប្រភេទ Novichok

ចែករំលែក៖

អន្តរជាតិ៖ បើយោងតាមអ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ លោក Steffen Siebert បានបញ្ជាក់ថា មេដឹកនាំបក្សប្រឆាំងរុស្ស៊ី លោក Alexei Navalny ត្រូវថ្នាំពុលប្រភេទ Novichok ក្រោយការធ្វើតេស្តរបស់កងទ័ពអាល្លឺម៉ង់លើលោក Navalny ដែលកំពុងសម្រាកព្យាបាលមន្ទីរពេទ្យមួយនៅរដ្ឋធានី បែរឡាំង បានផ្ដល់នូវភស្តុតាងច្បាស់នៃថ្នាំពុលប្រភេទNovichok

អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់រូបនេះបានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី ខែកញ្ញាម្សិលមិញនេះថា នេះ គឺជាថ្នាំពុលប្រភេទដូចគ្នាដែលត្រូវបានប្រើលើអតីតចារកម្មរុស្ស៊ីធ្វើការឲ្យអង់គ្លេស Sergei Skripal​ ភ្លាមៗ ទីក្រុងបែរឡាំង ទាមទារចម្លើយពីរដ្ឋាភិបាលរុស្ស៊ីពាក់ព័ន្ធរឿងនេះ

សូមជម្រាបថា ថ្នាំពុលត្រកូល Novichok គឺជាថ្នាំពុលកម្រិតថ្នាក់យោធាដែលត្រូវបានអភិវឌ្ឍដោយរដ្ឋាភិបាលសហភាពសូវៀតក្នុងចន្លោះទសវត្សរ៍ឆ្នាំ១៩៧០ និងឆ្នាំ១៩៨០ ហើយអាចប្រើក្នុងទម្រង់ជាម្សៅ រាវ ចំហាយ

បើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ជុំវិញទាក់ទិននឹងលិទ្ធផលនេះអធិបការបតីអាល្លឺម៉ង់ អ្នកស្រី Angela Merkel និយាយថាឥឡូវនេះវាជាសំណួរដែលមានតែរដ្ឋាភិបាលរុស្ស៊ីអាច និងត្រូវឆ្លើយហើយ អ្នកស្រីAngela សង្កត់ធ្ងន់ថា«​មានអ្នកព្យាយាមបំបិទមាត់ [​លោក Navalny] ហើយតាងនាមឲ្យរដ្ឋាភិបាលអាល្លឺម៉ង់ទាំងមូល ខ្ញុំថ្កោលទោសធ្ងន់ធ្ងរចំពោះរឿងនេះ​»​

បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP វិញ បានដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Heiko Maas បានលើកឡើងថារដ្ឋាភិបាលលោកបានកោះហៅអគ្គរដ្ឋទូតរុស្ស៊ីឲ្យផ្ដល់ចម្លើយក្នុងសំណុំរឿងនេះ ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស បូរី សុន តាមរយៈបណ្ដាញសង្គម Twitter ក៏បានចេញថ្កោលទោសចំពោះការវាយប្រហារដោយប្រើថ្នាំពុល Novichok ដោយទាមទារឲ្យរដ្ឋាភិបាលរុស្ស៊ីពន្យល់អ្វីដែលបានកើតឡើងលើលោក Navalny

ដោយឡែក ក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃទី ខែកញ្ញាម្សិលមិញនេះសហភាពអឺរ៉ុប (EU) បានទាមទារឲ្យមានការស៊ើបអង្កេតដោយតម្លាភាពមួយពីសំណាក់រដ្ឋាភិបាលរុស្ស៊ី បន្ថែមពីនេះ សហភាពអឺរ៉ុប សង្កត់ធ្ងន់ថា៖បុគ្គលដែលទទួលខុសត្រូវចំពោះការវាយប្រហារលើលោក Navalny ត្រូវតែនាំខ្លួនមកកាត់ទោស

គួរបញ្ជាក់ថា មេដឹកនាំបក្សប្រឆាំងរុស្ស៊ី លោក Alexei Navalny អាយុ៤៤ឆ្នាំ បានធ្លាក់ខ្លួនឈឺ ក្រោយឡើងជិះយន្តហោះមួយក្នុងតំបន់Siberia ក្នុងប្រទេសរុស្ស៊ី កាលពីខែមុន រីឯអ្នកគាំទ្រលោក​ Navalny សង្ស័យថាទឹកតែដែលលោកផឹកនៅមុនពេលឡើងយន្តហោះមានថ្នាំពុល ដោយដំបូងឡើយ លោក​ Navalny ត្រូវបានសម្រាកព្យាបាលក្នុងមន្ទីរពេទ្យក្នុងតំបន់នោះ មុនពេលដឹកទៅព្យាបាលនៅមន្ទីរពេទ្យCharite ក្នុងទីក្រុងបែរឡាំងវិញ

បើតាមការអះអាងពីមន្ទីរពេទ្យអាល្លឺម៉ង់បានបញ្ជាក់ថាកាលពីសប្ដាហ៍មុនថាសុខភាពលោក Navalny បានធូរស្រាលខ្លះ តែមិនទាន់ដឹងខ្លួននៅឡើយហើយត្រូវបន្តបំពាក់ប្រដាប់ជំនួយការដកដង្ហើមដដែល

គួរជម្រាបផងដែរថា លោក Navalny គឺជាសកម្មជនប្រឆាំងអំពើពុករលួយដែលធ្លាប់បានដឹកនាំបាតុកម្មទ្រង់ទ្រាយធំប្រឆាំងរដ្ឋាភិបាលលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន លោកថែមទាំងហៅបក្សកាន់អំណាចរុស្ស៊ីបច្ចុប្បន្នថាជាចោរដែលកំពុងជញ្ជក់ឈាមរុស្ស៊ី មេដឹកនាំបក្សប្រឆាំងរូបនេះក៏ត្រូវបានហាមឃាត់ពីការឈរឈ្មោះប្រឆាំងលោក ពូទីន ក្នុងការបោះឆ្នោតផងដែរ

ក្រៅពីករណីលោក Navalny ក៏ធ្លាប់មានករណីបំពុលដែលសង្ស័យជាប់ពាក់ព័ន្ធនឹងរុស្ស៊ីដូចគ្នាកើតឡើងក្នុងចក្រភពអង់គ្លេស តួយ៉ាង ក្នុងឆ្នាំ២០១៨ វិមានក្រេឡាំង ក៏ធ្លាប់ត្រូវបានចោទប្រកាន់ថានៅពីក្រោយការប៉ុនប៉ងធ្វើឃាតកម្មលើអតីតចារកម្មរុស្ស៊ីធ្វើការឲ្យអង់គ្លេសSergei Skripal ដោយប្រើប្រាស់ថ្នាំពុលប្រភេទ Novichok ដោយ៖ស តារា


ចែករំលែក៖