ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងទាហាន​អាកាសថៃមានផ្កាយរណបសន្តិសុខជាលើកដំបូង​

ចែករំលែក៖

នៅថ្ងៃទី​៣ ខែកញ្ញា ផ្កាយរណបដំបូងគេបង្អស់របស់កម្លាំងទាហានអាកាសថៃ មានឈ្មោះថា ណាប៉ា-១ (Napa-1) ត្រូវបានបញ្ជូនទៅកាន់គន្លងតារាវិថី​ដោយជោគជ័យ ដែល ប្រើប្រាស់​រ៉ុក្កែតរុញArianespace Vega របស់អឺរ៉ុប​ ដោយបាញ់ចេញពីទឹកដីបារាំងឯនាយសមុទ្រ គឺ Guyana។
ការបញ្ជូនផ្កាយរណបនេះគឺធ្វើឡើងនៅវេលាម៉ោង៨និង​១៥នាទី ម៉ោងនៅទីក្រុងបាងកក ដោយបាញ់ចេញពីមជ្ឈមណ្ឌលអវកាស​ Guyana របស់បារាំង​។ ប្រព័ន្ធផ្សព្វផ្សាយថៃបានផ្សាយថា​ផ្កាយរណប Napa-1 បានបញ្ជូនទៅទីអវកាស ព្រមជាមួយផ្កាយរណបចំនួន​៥៣ផ្សេងទៀត របស់១៣ប្រទេស​ដែលមានតម្រូវការបញ្ជូនផ្កាយរណប​។ ក្នុងចំណោមផ្កាយរណប​ទាំងនោះមាន៧គ្រឿងប្រភេទ(microsatellite) មានទម្ងន់តែ​១៥គីឡូក្រាមតែប៉ុណ្ណោះ និងផ្កាយរណប(nanosatellite) ចំនួន​៤៦គ្រឿង​។
ផ្កាយរណប Napa-1 របស់ទាហានអាកាសថៃ គឺជាផ្កាយរណបខ្នាតតូចមួយដែលបានបាញ់បង្ហោះទៅក្នុងគន្លងផែនដីទាបដើម្បីធ្វើការអង្កេតនិងស្ទង់មើលដែនអាកាសថៃសម្រាប់គោលបំណងការពារសន្តិសុខជាតិ។
ផ្កាយរណបខាងលើ ក្រៅពីបម្រើក្នុងវិស័យសន្តិសុខការពារជាតិ នៅអាចជួយក្នុងសកម្មភាពជួយសង្គ្រោះ ស្វែងរក ក្នុងហេតុការណ៍គ្រោះថ្នាក់ធម្មជាតិ​។ ក្រៅពីនេះក៏តាមដានភ្លើងឆេះព្រៃផងដែរ​ និងគ្រោះរាំងស្ងួត ទឹកជំនន់៕ដោយ៖ធី រីណា


ចែករំលែក៖