ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសស្ទាក់បង្ក្រាបបានរថយន្តដឹកឈើមួយគ្រឿងប្រគល់ឱ្យជំនាញ

ចែករំលែក៖

ខេត្តក្រចេះ៖ រថយន្តសាំយ៉ុងមួយគ្រឿងដឹកឈើចេញពីតំបន់ក្បែរដែនអភិរក្សត្រូវបានកម្លាំងកងរាជអាវុហត្ថលើផ្ទៃប្រទេសបង្រ្កាបបានខណៈដែលរថយន្តនេះកំពុងធ្វើចរាចរណ៍លើផ្លូវជាតិលេខ៧បម្រុងឆ្ពោះទៅប្រទេសវៀតណាម។

ការស្ទាក់បង្ក្រាបរថយន្តដឹកឈើនេះកម្លាំងកងរាជអាវុធហត្ថបានធ្វើឡើងនៅវេលាម៉ោង៩៖៣០ នាទីយប់ថ្ងៃទី៣ ខែកញ្ញាឆ្នាំ២០២០ត្រង់ចំណុចលើផ្លូវជាតិលេខ៧ស្ថិតក្នុងភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។

ប្រភពពីសមត្ថកិច្ចកងរាជអាវុធហត្ថបានឱ្យដឹងថា រថយន្តដឹកឈើនេះបើកបរចេញពីម្ដុំស្ពានជ្រាវជាទីតាំងស្តុកឈើដែលពួកក្រុមឈ្មួញទាំងនោះនាំគ្នាដឹកជញ្ជូនយកមកពីតំបន់ព្រៃអភិរក្សនានាក្នុងខេត្តក្រចេះ និងខេត្តមណ្ឌលគិរី។

ប្រភពបន្តថា រថយន្តសាំយ៉ុងពណ៌សអត់ស្លាកលេខដឹកឈើប្រភេទលេខមួយសុក្រំហើយពេលកម្លាំងកំពុងចុះស្ទាក់បង្ក្រាបនោះអ្នកបើកបរបានចុះពីរថយន្តគេចខ្លួនបាត់ភ្លាមៗដែរ។

សមត្ថកិច្ចបានធ្វើការរឹបអូសយកទៅរក្សាទុកបណ្តោះអាសន្នដើម្បីធ្វើកំណត់ហេតុប្រគល់ឱ្យជំនាញរដ្ឋបាលព្រៃឈើចាត់ការបន្តតានីតិវិធីនិងធ្វើការស្រាវជ្រាវរកម្ចាស់រថយន្តនិងឈើឱ្យចូលខ្លួនមកដោះស្រាយតាមច្បាប់៕ដោយ៖ ជីវ័ន្ត


ចែករំលែក៖