ព័ត៌មានទាន់ហេតុការណ៍៖

ពលករខ្មែរ៨នាក់លួចឆ្លងដែនតាមរយៈមេខ្យល់ខុសច្បាប់ត្រូវសមត្ថកិច្ចថៃឃាត់ខ្លួន

ចែករំលែក៖

ប្រទេសថៃ៖ យោងតាមកាសែតថៃ สระแก็ว-77 ข้าวเด็ด បានឱ្យដឹងថា កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ កងកម្លាំងសមត្ថកិច្ចតាព្រះយ៉ា កងកម្លាំងបូរផា និងសមត្ថកិច្ចតម្រួតបង្រ្កាបការជួញដូរមនុស្ស បានសហការគ្នាឃ្លាំមើលនិងត្រួតពិនិត្យ ក្នុងតំបន់ដែលទទួលខុសត្រូវ ដើម្បីរឹតបន្តឹងការលួចឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់ក្នុងអំឡុងស្ថានការណ៍ការរាតត្បាតរបស់កូវិដ-១៩ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ចាប់ពីទឹកដីស្រុកគោកឃ្យូងដល់ស្រុកតាព្រះយ៉ា ខេត្តស្រះកែវ សមត្ថកិច្ចបានសង្កេតឃើញរថយន្តអុីស៊ុយហ្ស៊ុយឌីមេក ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខบบ-4938 ស្រះកែវ មានលក្ខណៈផ្ទុកធ្ងន់ សមត្ថកិច្ចក៏ផ្ដល់សញ្ញាឲ្យចត តែអ្នកបើកបរខាងលើមិនព្រមចូលចត និងបានបង្កើនល្បឿនបើកគេចទៅផ្លូវភូមិគោកឡាន ឆ្ពោះទៅស្រុកវឌ្ឍនា ណៈខន ខេត្តស្រះកែវ ។

   សមត្ថកិច្ចបានបើករថយន្តដេញតាមពីក្រោយរហូតដល់រិសតភូ កាដេន ភូមិគោកឡាន ឃុំគោកឡាន ស្រុកតាព្រះយ៉ា ខេត្តស្រះកែវ ត្រង់បង្គោលគីឡូម៉ែត្រTA  481478 រថយន្តខាងលើបានរេចង្កូតធ្លាក់ទៅម្ខាងផ្លូវ ដោយឡែកអ្នកបើកបរបានបើកទ្វាររថយន្តរត់ចូលព្រៃបាត់ស្រមោល សមត្ថកិច្ចតាមមិនទាន់។ ក្រោយពីធ្វើការត្រួតពិនិត្យក្នុងរថយន្ត សមត្ថកិច្ចបានប្រទះឃើញមានពលករខ្មែរចំនួន៨នាក់ ក្នុងនោះមានប្រុស៥នាក់ និងស្រី៣នាក់។

យ៉ាងណាក៏ដោយ បន្ទាប់ពីធ្វើការសួរនាំជំហានដំបូង ពលករខ្មែរទាំងអស់បានសារភាពថា ពួកគេចង់ធ្វើដំណើរទៅធ្វើការនៅផ្សារថៃ,បាងពូ និងព្រះរាម២ ទើបលួចចូលមកប្រទេសថៃតាមច្រករបៀង រវាងចំណុចត្រួតពិនិត្យจต15-จต16  ភូមិខ្លងផែង ឃុំទ័ពស្ដេច ស្រុកតាព្រះយ៉ា ខេត្តស្រះកែវ ដោយបានចំណាយលុយជួលអ្នកនាំឆ្លងដែនក្នុងម្នាក់៣០០បាត និងចំណាយលុយឲ្យមេខ្យល់ក្នុងម្នាក់២,៥០០បាត ដែលបានប្រគល់លុយឲ្យអ្នកបើករថយន្តរួចរាល់ហើយ ។ បន្ទាប់មកសមត្ថកិច្ចក៏បានធ្វើកំណត់ហេតុឃាត់ខ្លួន រួចបញ្ជូនពលករទាំងអស់ទៅឲ្យសមត្ថកិច្ចជំនាញស្រុកតាព្រះយ៉ា ដើម្បីអនុវត្តតាមច្បាប់បន្ត៕ដោយ៖វណ្ណា


ចែករំលែក៖