ខេត្តព្រះសីហនុ ៖ កាលពីវេលាម៉ោង ២៣:០០នាទី ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្តព្រះសីហនុ បានចុះបង្ក្រាបករណីជួញដូរ រក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចក្រុម៦ ភូមិ៣ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ។
មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ លោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី បានប្រាប់បណ្ដាញព័ត៌មានថា ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការបញ្ជាពីនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។
លោកបានបន្តថា ក្នុងប្រតិបត្ដិការចុះបង្ក្រាបគ្រឿងញៀននេះ កម្លាំងកងរាជអាវុធហត្ថខេត្ត បានធ្វើការឃាត់ខ្លួនជនជាតិចិនចំនួន២នាក់ រួមមាន៖ ទី១. ឈ្មោះ សៀវ ឡុង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្ដោះអាសន្នក្រុម៦ ភូមិ៣ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ និងទី២. ឈ្មោះ ចាំង អោទី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្ដោះអាសន្នក្រុម៦ ភូមិ៣ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ។
លោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី បានឱ្យដឹងទៀតថា ក្នុងនោះសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ៖
- ម្សៅពណ៌សប្រភេទខេ ១៣កញ្ចប់ ទម្ងន់ ១៩.៧៣ក្រាមទាំងសម្បក
- ម្សៅសថ្លាចំនួន ៤៣កញ្ចប់ ទម្ងន់ ១៣៤.៧៣ក្រាមទាំងសម្បក
- ថ្នាំគ្រាប់ពណ៌ក្រហមចំនួន៤៩គ្រាប់ ទម្ងន់ ៥.៧៩ក្រាម ទាំងសម្បក
- ថ្នាំគ្រាប់ពណ៌ផ្កាឈូកចំនួន ៥១គ្រាប់ ទម្ងន់ ១២០.៨៤ក្រាមទាំងសម្បក
- ថ្នាំគ្រាប់ពណ៌បៃតងចំនួន ២៩គ្រាប់ ទម្ងន់ ១១.៦១ក្រាម ទាំងសម្បក
- ថ្នាំកញ្ចប់ពណ៌បៃតង និងពណ៌ស្វាយចំនួន ១៦កញ្ចប់ ទម្ងន់ ១០៤.៨៦ក្រាម ទាំងសម្បក
- ទូរស័ព្ទចំនួន ២គ្រឿង, ដែកកេះចំនួន៨, ជញ្ជីងចំនួន ១, ដបជក់ចំនួន៣, ម៉ូតូចំនួន១គ្រឿង និងថង់វេចខ្ចប់ថ្នាំញៀនមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ខាងលេី កម្លាំងការិយាល័យជំនាញកំពុងសាកសួរ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុដើម្បីបន្តនីតិវិធី ៕ដោយ៖ ជីណា