ខេត្តបាត់ដំបង៖ ខាងសាលារដ្ឋបាលខេត្តបាត់ដំបងបានឱ្យដឹងថា៖ នៅថ្ងៃសុក្រទី០៤ ខែសីហា ឆ្នាំ២០២០ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង តំណាងដ៏ខ្ពង់ខ្ពស់ លោកងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ទទួលជួបពិភាក្សាអំពីដំណើរការរៀបចំព្រលានយន្តហោះបាត់ដំបង (ព្រលានយន្តហោះវាលបែកចាន) ជាមួយលោក តិក សាលី អនុរដ្ឋលេខាធិការ និងគណៈប្រតិភូររដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅសាលាខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពីលោក អភិបាលក្រុង លោកអភិបាល អភិបាលរងស្រុកសង្កែ លោកអនុប្រធានមន្ទីររៀបចំដែនដី នគរូបនីកម្មសំណង់ និងសុរិយោដីខេត្ត លោកចៅសង្កាត់ មេឃុំ និងអ្នកព៏ន្ធមួយចំនួនទៀត។
លោក សឿម ប៊ុនរិទ្ធិ បានរាយការណ៍អំពីសកម្មភាពលទ្ធផលការងារដែលបានអនុវត្តកន្លងមក និងបញ្ហាប្រឈម រួមទាំងផែនការមួយចំនួនជូនគណៈប្រតិភូអាកាសចរស៊ីវិលផងដែរ។
លោក តិក សាលី អនុរដ្ឋលេខាធិការអាកាសចរស៊ីវិល បានណែនាំដល់រដ្ឋបាលខេត្ត ត្រូវធ្វើការដាំបង្គោលកំណត់ព្រំដី ការចុះបញ្ជីកម្មសិទ្ធិដីធ្លីព្រលានយន្តហោះបាត់ដំបង(ព្រលានយន្តហោះវាលបែកចាន) ទៅតាមនីតីវិធីរបស់មន្ត្រីជំនាញផងដែរ។
បន្ទាប់ពីធ្វើការពិភាក្សារួចមក លោក សឿម ប៊ុនរិទ្ធិ និងគណៈប្រតិភូអាកាសចរស៊ីវិល បានចុះទៅទីតាំងព្រលានយន្តហោះ ដើម្បីពិនិត្យមើលការបោះបង្គោលព្រំដីព្រលានជាក់ស្តែង៕
ដោយ៖ សិលា