ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្រី២នាក់បាត់បង់ជីវិតនិង៣នាក់ជួយសង្រ្គោះទាន់ពេល ខណៈពួកគេនាំគ្នាលេងទឹកស្រះ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ក្មេងស្រីចំនួន២នាក់ បានបាត់បង់ជីវិត ក្នុងថ្ងៃតែមួយនិង៣នាក់ផ្សេងទៀត ជួយសង្រ្គោះទាន់ពេល ឲ្យរួចផុតពីការស្លាប់ដោយសារ លង់ទឹក២ករណីដោយឡែកពីគ្នា នៅថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២០ នៅភូមិពង្រ និងភូមិថ្មីខាងត្បូង ឃុំប៉ោចារនិងឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
លោក យ៉ត សុផល អធិការនគរបាល ស្រុកភ្នំស្រុក បានឲ្យដឹងថាករណីទី០១កើតឡើង នៅ វេលាម៉ោង០២រសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ នៅភូមិពង្រ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ មានក្មេងស្រីចំនួន០១បានស្លាប់ និង០១នាក់ជួយសង្រ្គោះទាន់រួចផុតពីការស្លាប់ ខណៈពួកពេកទាំង០២នាក់ លង់ទឹកស្រះត្រង់ចំណុចត្រពាំងសួងចម្ងាយ៥០០ម៉ែត្រ ខាងជើងភូមិពង្រ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ។ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុក្មេងស្រីរងគ្រោះទាំង០២នាក់ បានដើរទៅលេងជាមួយជីតា កំពុងឃ្វាលក្របីនៅទីនោះហើយបានចុះងូតទឹកស្រះលេងបណ្តាលឲ្យលង់ ។ក្មេងស្រីដែលស្លាប់ឈ្មោះ នុល ស្រីរ័ត្ន អាយុ០៨ឆ្នាំ នៅភូមិពង្រ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យនិងក្មេងស្រីដែលបានជួយសង្រ្គោះរួចផុតពីការស្លាប់នោះ ឈ្មោះ រិន កូរ៉េ ភេទស្រី អាយុ០៦ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ។
លោកអធិការបន្តថាចំណែកករណីទី០២ កើតឡើងនៅវេលាម៉ោង០២និង៣០នាទីរសៀលថ្ងៃដដែល មានក្មេងស្រី៣នាក់ នៅភូមិថ្មីខាងត្បូង ឃុំ ណាំតៅ ស្រុកភ្នំស្រុក បាននាំគ្នាទៅងូតទឹកប្រឡាយចិន នៅចម្ងាយ ប្រមាណជា៣០០ម៉ែត្រ ខាងកើតភូមិ បណ្តាលឲ្យម្នាក់បានបាត់បង់ជីវិត និង២នាក់ទៀត ជួយសង្រ្គោះទាន់ពេល រួចផុតពីការស្លាប់ ។ ក្មេងស្រីដែលបាត់បង់ជីវិតឈ្មោះអោត សៀវម៉ៃ អាយុ៨ឆ្នាំ នៅភូមិថ្មីខាងត្បូង ឃុំណាំតៅ ស្រុកភ្នំស្រុក និង២នាក់ទៀត ដែលសង្រ្គោះទាន់ពេល ជាបងប្អូននិងគ្នា នៅភូមិថ្មីខាងជើង ឃុំណាំតៅ ស្រុកភ្នំស្រុក ០១/- ឈ្មោះ កើស រាត្រី អាយុ១៣ឆ្នាំ ,០២/-កើស ចន្ត្រា អាយុ១០ឆ្នាំ ។
លោក អធិការបញ្ជាក់ថាក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកបានចាត់តាំងកម្លាំងជំនាញនិងប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះទៅដល់ន្លែងកើតហេតុ ពិនិត្យធ្បកោសល្យវិច័យ ឃើញថាក្មេងស្រីទាំង២នាក់ ដែលស្លាប់នោះ គឺពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ។
សាកសពក្មេងរងគ្រោះទាំង២នាក់ក្រោយពីពិនិត្យនិងធ្វើកោសល្យវិច័យរួចបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖វណ្ណា


ចែករំលែក៖