ព័ត៌មានទាន់ហេតុការណ៍៖

រឿង​និទានខ្មែរ÷ រឿងកុដុម្ពីម្នាក់ មាន​កូន​ប្រុស ៣ នាក់​ឈ្លោះ​ដណ្ដើម​មត៌ក​គ្នា​

ចែករំលែក៖

មាន​និទាន​មួយ​ថា : មាន​កុដុម្ពី​ម្នាក់ មាន​កូន​ប្រុស ៣ នាក់, កូន​ច្បង​ទៅ​បម្រើ​ស្ដេច, កូន​បន្ទាប់​ទៅ​ជួញ​ស្វែង​រក​ទ្រព្យ​សម្បត្តិ​មក​ចិញ្ចឹម​ខ្លួន​ឯង ឯ​ប្អូន​ពៅ​ទៅ​បួស​ក្នុង​សំណាក់​សាសនា​ព្រះ​តថាគត ។ លុះ​ចំណេរ​យូរ​មក​ឪពុក​នោះ​អស់​អាយុ​ទៅ កូន​ទាំង ៣ នាក់​ឈ្លោះ​ប្រកែក​គ្នា​ដណ្ដើម​សម្បត្តិ​របស់​ឪពុក​តែ​រាល់​ខ្លួន ជជែក​គ្នា​មិន​ដាច់​ស្រេច​សោះ ហើយ​ក៏​នាំ​គ្នា​ទៅ​ប្ដឹង​ចៅក្រម ៗ កាត់​សេចក្ដី​ចែក​សម្បត្តិ​នោះ​ឲ្យ​កូន​ទាំង ៣ នាក់ ។ កូន​ទាំង ៣ នាក់​មិន​សុខ​ចិត្ត ក៏​នាំ​រឿង​នោះ​ទៅ​ក្រាប​បង្គំ​ទូល​ព្រះមហាក្សត្រ តាម​ដំណើរ ។ ព្រះមហាក្សត្រ​ទ្រង់​កាត់​សេចក្ដី​ថា “ព្រះស្ដែង​កូន​ច្បង​ចេញ​ទៅ​នៅ​បម្រើ​ស្ដេច ប្រាថ្នា​ឲ្យ​បាន​យសស័ក្ដិ​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន, និង​ព្រះស្ដែង​ប្អូន​បន្ទាប់ ដែល​ចេញ​ទៅ​ជួញ​ស្វែង​រក​ទ្រព្យ​មក​ចិញ្ចឹម​ខ្លួន​ឯង​នោះ ត្រូវ​បាន​ភាគ ១ ម្នាក់​ស្មើ​គ្នា, ឯ​ព្រះស្ដែង​ប្អូន​ពៅ​ដែល​ចេញ​ទៅ​បួស យក​ផលានិសង្ស ចម្រើន​ជូន​ទៅ​ម្ដាយ​ឪពុក​នោះ ត្រូវ​បាន​ភាគ ២ ម្នាក់​ឯង ។ កូន​ទាំង ៣ នាក់​សុខចិត្ត​ទទួល​ចំណែក​តាម​ព្រះបន្ទូល​គ្រប់​គ្នា ហើយ​ក្រាប​ថ្វាយ​បង្គំ​លា​ទៅ​លំនៅ​ទីទៃ ៗ ។

ព្រះមហាក្សត្រ ទ្រង់​កាត់​សេចក្ដី​ចែក​សម្បត្តិ​ឲ្យ​កូន​ទាំង ៣ នាក់​យ៉ាង​នេះ ហៅ​សុគតិគមនំ​ហោង ៕ (ចប់)

កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត

(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)


ចែករំលែក៖