ព័ត៌មានទាន់ហេតុការណ៍៖

ពីរថ្ងៃចុងក្រោយនៃបុណ្យភ្ជុំបិណ្ឌ ភ្ញៀវមកលេងកម្សាន្តនៅក្នុងខេត្តរតនគិរី ជិត៧០០០នាក់

ចែករំលែក៖

ខេត្តរតនគិរី៖ ក្នុងរយៈពេល២ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌនេះ ភ្ញៀវទេសចរណ៍ប្រមាណជាង៦.៩៤៦នាក់បានមកលេងកម្សាននៅក្នុងខេត្តរតនគិរី ដែលភាគច្រើនជាភ្ញៀវទេសចរក្នុងស្រុក ។

លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី បានឱ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០នេះថា
ភ្ជុំបិណ្ឌនេះ ភ្ញៀវទេសចរណ៍ប្រមាណជាង៦.៩៤៦នាក់បានមកលេងកម្សាន្តនៅខេត្តរតនគិរី ដែលភាគច្រើនជាភ្ញៀវទេសចរក្នុងស្រុកប្រមាណ៦.៨១០នាក់។

ដោយឡែកភ្ញៀវអន្តរជាតិមានចំនួនតែ១៣៦នាក់ប៉ុណ្ណោះរយៈពេល២ថ្ងៃទី១៦-១៧នៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២០នេះ ។

ប្រធានមន្ទីរទេសចរណ៍ក៏បានរំពឹងទុកថា ៖ នៅថ្ងៃទី១៨ជាថ្ងៃបញ្ចប់នៃការឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌចំនួនភ្ញៀវអាចនឹងកើនឡើងបន្ថែមទៀត។

លោកបន្តថា ៖ មន្ទីរទេសចរណ៍ បានរៀបចំសេវាកម្មសំខាន់ៗដូចជា ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន សំរាប់ទទួល
ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងល្អប្រសើរ និងបានសហការជាមួយកងកំលាំងប្រដាប់អាវុធ បានរៀបចំការពារសន្តិសុខ សុវត្ថិភាព ដើម្បីផ្តល់ភាពកក់ក្តៅ ជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកលេងកំសាន្តនាឱកាសថ្ងៃឈប់សម្រាកនេះផងដែរ។ ភ្ញៀវទេសចរក៏ដូចជាប្រជាពលរដ្ឋទូទៅក្នុងខេត្តបានគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាថែរក្សាអនាម័យ សំអាតបរិស្ថាន បានល្អជាប់ជាប្រចាំ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាតត្បាតជំងឺកូវីដ-១៩ទោះបីជំងឺដ៏កាចសាហាវនេះមានការថមថយក្នុងប្រទេសយើងក៏ដោយ។

នៅក្នុងខេត្តរតនគិរីនេះមានតំបន់រមណីយដ្ឋានធម្មជាតិចំនួន១៤កន្លែង និងរមណីយដ្ឋានរីសតកែច្នៃដោយវិស័យឯកជនចំនួន៦កន្លែងមានដូចជា៖ ភូមិខ្មែរ​រីសត,ម្លីះ កន្និការរីសត,រីសត​ភូមិយើង, ចំការដូងរីសត,រតនរីសត និងផារ៉ាយ រីសតនោះទៀត។
កន្លែងរមណីយដ្ឋានដែលទាក់ទាញភ្ញៀវចូលចិត្តទៅលេងកម្សាន្តច្រើនភាគច្រើនរមណីដ្ឋានធម្មជាតិមានដូចជា៖ បឹងយក្សឡោម,បឹងលំកុដ,ទឹកធ្លាក់៧ជាន់អូរសុិនលែរ៍, ទឹកជ្រោះកាចាញជាដើម ៕

ដោយ៖ជី វ័ន្ដ


ចែករំលែក៖