ខេត្តតាកែវ៖ បើយោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបាទី នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ នេះ បង្ហាញថា តូបលក់ដូរចំនួន២៣០តូបក្នុងចំណោម២៨៣តូប នៅផ្សារសំរោងយ៉ោង ស្រុកបាទី ខេត្តតាកែវ ត្រូវអគ្គិភ័យឆាបឆេះទាំងស្រុង បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។
គ្រោះអគ្គិភ័យនេះ គឺ បានកើតឡើងកាលពីវេលាម៉ោង១៨៖៥៥នាទី ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចផ្សារសំរោងយ៉ោង តាមផ្លូវជាតិលេខ២ ស្រុកបាទី ខេត្តតាកែវ ។
ករណីនេះ សមត្ថកិច្ចមូលដ្ឋាន និង ប្រជាពលរដ្ឋក្នុងសហគមន៍ បានសហការគ្នាជួយពន្លត់ដែរ តែមិនអាចជួយសង្គ្រោះបាន ដោយសារកម្លាំងភ្លើងឆេះខ្លាំងនិងលឿនពេក ។ ជាមួយគ្នានេះ អគ្គិភ័យបានរលត់ទៅវិញទាំងស្រុង នៅវេលាម៉ោង១៖៣០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ ។
ចូលរួមក្នុងប្រតិបត្តិការបាញ់ពន្លត់នេះ គឺ ឃើញមានវត្តមានលោក អ៊ូច ភា អភិបាលខេត្តតាកែវ , លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និង លោកវរសេនីយ៍ទោ ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ៕
ដោយ៖ចេស្ដា