ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូធ្លាក់ជង្ហុកដួលបណ្ដាលឲ្យស្លាប់ម្នាក់និងម្នាក់ទៀតរបួសធ្ងន់

ចែករំលែក៖

ខេត្តកណ្ដាល៖យុវតីអាយុ១៩ឆ្នាំម្នាក់បានស្លាប់ដោយសារតែអ្នកបើកម៉ូតូឌុបនាងបើកក្នុងល្បឿនលឿន ហើយបានធ្លាក់ចូលក្នុងជង្ហុកបណ្ដាលឲ្យដួលស្លាប់ រីឯអ្នកបើករងរបួសធ្ងន់។ ករណីនេះ​បានកើតឡើងនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង៨ និង៣០នាទី នៅចំណុចផ្លូវជាតិលេខ១២១០ស្ថិតក្នុងភូមិសំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល 

    មន្ត្រីនគរបាលចរាចរណ៍ស្រុកស្អាងបានឲ្យដឹងថា យុវតីរងគ្រោះដែលស្លាប់ឈ្មោះ ហេង គឹមហៀង  អាយុ១៩ឆ្នាំមានទីលំនៅភូមិតានន ឃុំដូង ស្រុកបាទី ខេត្តតាកែវជាអ្នករួមដំណើរលើម៉ូតូម៉ាកហុងដាគុបជ្រុងធុនសេ៩០ពណ៌ស្លែ ពាក់ស្លាកលេខ កណ្តាល1K-0249  អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ​រងរបួសធ្ងន់។ 

    ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះទាំង២នាក់ជិះម៉ូតូឌុបគ្នាតាមបណ្ដោយផ្លូវលេខ១២១០ ដោយល្បឿនលឿន​ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ក៏ធ្លាក់ចូលក្នុងជង្ហុក បណ្ដាលឲ្យដួល ធ្វើឲ្យយុវតីម្នាក់ជាអ្នកជិះពីក្រោយស្លាប់ រីឯមនុស្សប្រុសម្នាក់ជាអ្នកឌុបរងរបួសធ្ងន់។ 

     ក្រោយពីមានហេតុការណ៍​កើតឡើង​សមត្ថកិច្ចជំនាញស្រុក និងនគរបាលប៉ុស្តិ៍ បានចុះទៅដល់រួចធ្វើការត្រួតពិនិត្យកន្លែងកើតហេតុ​ និងធ្វើការវាស់វែង​ សន្និដ្ឋានថា ករណីនេះបង្កឡើងដោយអ្នកបើកបរម៉ូតូបើកក្នុងល្បឿនលឿន ធ្វេសប្រហែស ខ្ជីខ្ជា ខ្វះការប្រុងប្រយ័ត្ន ទើបបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង។ 

   សាកសព​ ត្រូវបានសមត្ថកិច្ចជំនាញប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ស្អាងជ័យ


ចែករំលែក៖