ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចប៉ុស្ដិ៍ស្ទឹងមានជ័យទី៣ ក្របួចជនសង្ស័យ២នាក់​ ក្រោយឆក់ទូរស័ព្ទដៃពីបុរសម្នាក់បានសម្រេច

ចែករំលែក៖

    ភ្នំពេញ​ ៖​ ជនសង្ស័យ២នាក់​ ពាក់ព័ន្ធ​ករណីឆក់ទូរស័ព្ទដៃ​ ត្រូវកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលស្ទឹងមានជ័យ៣​ បានស្រាវជ្រាវឃាត់ខ្លួន​ នៅវេលាម៉ោង ០៨ និង ០០ នាទីព្រឹកថ្ងៃទី២១​ ខែកញ្ញា​ ឆ្នាំ​២០២០​ ត្រង់ចំណុចផ្លូវលំ ភូមិដំណាក់ធំ ២ សង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ 

    លោកវរសេនីយ៍ត្រី ឯម ភារី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី៣​ បានឲ្យដឹងថា​ កាលពីវេលាម៉ោង ០៥ និង ៣០នាទីព្រឹក ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ជនសង្ស័យឈ្មោះអុឹម ម៉ាលី ហៅ ម៉ាប់ បានហៅម៉ូតូកង់បីឥណ្ឌារបស់ជនរងគ្រោះឈ្មោះ សេង មុត្តា ភេទ ប្រុស អាយុ ២៦ ឆ្នាំ ជិះពីចំណុចស្តុបសេះស ផ្លូវវេងស្រេង ភូមិដំណាក់ធំ ៣ សង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ ទៅកាន់ម្ដុំផ្សារដីថ្មី ភូមិដំណាក់ធំ ២ សង្កាត់ស្ទឹងមានជ័យ ៣ ពេលដល់ចំណុចកើតហេតុជនសង្ស័យឈ្មោះ អុឹម ម៉ាលី បានឱ្យជនរងគ្រោះឈប់ម៉ូតូកង់បី ហើយបានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃមួយគ្រឿងម៉ាក Iphone 8 plus(អ៊េក ផ្លើស) ពណ៌ទឹកមាស ហើយបានរត់គេចខ្លួន យកទូរស័ព្ទដែលឆក់បានទៅឲ្យបក្ខពួកម្នាក់ទៀត ឈ្មោះ សំ រ៉ា ហៅ ម៉ៅ ដើម្បីយកទៅលក់។ 

    លុះសមត្ថកិច្ចបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះ នៅវេលាម៉ោង ០៨ និង ០០ នាទីព្រឹក ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចសង្កាត់ស្ទឹងមានជ័យទី ៣ បានចុះស្រាវជ្រាវឃាត់ខ្លួនបាន ជនសង្ស័យទាំងពីរនាក់ ទី១.ឈ្មោះ អុឹម ម៉ាលី ហៅ ម៉ាប់ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន)  ទី២.ឈ្មោះ សំ រ៉ា ហៅ ម៉ៅ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន) នៅចំណុចផ្លូវលំ ភូមិដំណាក់ធំ ២ សង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទូរស័ព្ទដៃត្រូវបានសមត្ថកិច្ចប្រគល់ជូនជនរងគ្រោះវិញហើយ ។

    បច្ចុប្បន្ននេះ​ ជនសង្ស័យទាំងពីរ កំពុងសាកសួរនៅទីស្នាក់ការប៉ុស្តិ៍ស្ទឹងមានជ័យទី៣ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ​ ចាត់ការបន្តតាមនីតិវិធី៕​

ដោយ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖