ភ្នំពេញ៖ កាលពីវេលាម៉ោង២ និង១០នាទីរសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នេះ មានរថយន្ត Lexus RX450 មួយគ្រឿងបើកវ៉ាជែងមិនប្រយ័ត្នរេចង្កូតជ្រុលបុកទ្រូងផ្លូវស្ពានអាកាសក្បាលថ្នល់បណ្តាលឲ្យរងការខូចខាត ដែលស្ថិតនៅលើស្ពានអាកាសក្បាលថ្នល់ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីម្ចាស់រថយន្ត បានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់ជិះរថយន្តរបស់គាត់ម៉ាក Lexus Rx450 មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2X-5955 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២មក ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ស្ពានអាកាសក្បាលថ្នល់ ក៏បានវ៉ាជែងរថយន្តមួយគ្រឿងមិនប្រយ័ត្នក៏រេចង្កូតទៅខាងស្តាំដៃជ្រុលបុកទ្រូងផ្លូវ ស្ពានអាកាសក្បាលថ្នល់ ចំពេញទំហឹងបណ្តាលឲ្យទ្រូងថ្មវៀចខុសជួ រីឯរថយន្តរងការខូតខាតផ្នែកខាងមុខដាច់ក្រឡេកង់ខាងស្តាំតែម្តង។
តែសំណាងល្អ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបង្កឲ្យមាននរណាម្នាក់រងរបួសនោះទេ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីសម្រួលចរាចរណ៍កុំឲ្យមានការកកស្ទះ ដោយមើលឃើញមិនខូចខាតដល់ទ្រព្យសម្បត្តិរបស់រដ្ឋក៏ឲ្យម្ចាស់រថយន្តហៅរថយន្តមកស្ទូចយកចេញទៅភ្លាមតែម្តង៕
ដោយ៖ ភារ៉ា ដង្កោ