ព័ត៌មានទាន់ហេតុការណ៍៖

កងទ័ពរុស្ស៊ី និងតួកគី ធ្វើសមយុទ្ធរួមគ្នាមួយ​នៅប្រទេសស៊ីរី

ចែករំលែក៖

អន្តរជាតិ៖ នារសៀលថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២០នេះ សារព័ត៌មានSputnik បានចេញផ្សាយថា កងទ័ពរុស្ស៊ី និងតួកគីបានធ្វើសមយុទ្ធរួមគ្នាមួយនៅខេត្តអ៉ីដលីប (Idlib) របស់ប្រទេសស៊ីរី។ នេះបើតាមការអះអាងពីអ្នកនាំពាក្យប្រចាំតំបន់គ្មានការប្រយុទ្ធគ្នា (de-escalation zone) នៃប្រទេសស៊ីរី

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន អ្នកនាំពាក្យដដែល បានបញ្ជាក់ថាគោលបំណងសំខាន់នៃសមយុទ្ធយោធានេះ គឺជាការអនុវត្តតាមកិច្ចសម្របសម្រួលរវាងកងទ័ពតួកគី និងរុស្ស៊ី ដើម្បីដោះស្រាយបញ្ហារួមគ្នាក្នុងស្ថានភាពបន្ទាន់ ដូចជាការវាយប្រហារលើក្បួនរថយន្តភាគីទាំងពីរពីសំណាក់ក្រុមសកម្មប្រយុទ្ធ ព្រមទាំងដើម្បីពង្រឹងយុទ្ធសាស្រ្តក្នុងការល្បាតនិងវិធីសាស្ត្រធ្វើទំនាក់ទំនងគ្នាដោយប្រើសញ្ញាពិសេសជាដើម។

ជាក់ស្តែង ប្រភពចេញពីប្រទេសតួកគី បានប្រាប់សារព័ត៌មាន Sputnik កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា ការចរចារវាងយោធាតួកគី និងរុស្ស៊ីស្តីពីស្ថានការណ៍នៅខេត្ត Idlib របស់ប្រទេសស៊ីរី មិនបានឈានដល់កិច្ចព្រមព្រៀងណាមួយឡើយ។ ប្រភពដដែលបន្ថែមថា ប្រទេសតួកគីបានបដិសេធ មិនដកប៉ុស្តិ៍ត្រួតពិនិត្យចេញពីតំបន់ ដែលកំពុងគ្រប់គ្រងដោយកងទ័ពស៊ីរី ឬកាត់បន្ថយចំនួនកងទ័ពតួកគីនៅក្នុងតំបន់នោះឡើយ បើទោះបីជាប្រជាជននៅក្នុងខេត្ត Idlib បានធ្វើបាតុកម្មប្រឆាំងនឹងវត្តមានរបស់យោធាតួកគីក៏ដោយ។

គួរជម្រាបថា បើគិតត្រឹមថ្ងៃចន្ទទី២១ ខែកញ្ញានេះ ខេត្ត Idlib ជាតំបន់មួយក្នុងចំណោមតំបន់ឈប់បាញ់គ្នាទាំង ០៤ ដែលត្រូវបានបង្កើតឡើងដោយប្រទេសរុស្ស៊ី អ៉ីរ៉ង់ និងតួកគីតាំងពីឆ្នាំ២០១៧ នោះ នៅតែតំបន់ដែលមិនទាន់ស្ថិតក្រោមការគ្រប់គ្រងពេញលេញ ដោយរដ្ឋាភិបាលទីក្រុងដាម៉ាស(Damascus) នៅឡើយ ហើយកងទ័ពរដ្ឋាភិបាលស៊ីរីបានព្យាយាមដណ្តើមយកខេត្តនេះ ចាប់តាំងពីពាក់កណ្តាលខែធ្នូឆ្នាំ២០១៩ មកម្ល៉េះ៕

ដោយ៖សតារា


ចែករំលែក៖