ខេត្តពោធិ៍សាត់ ៖ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ លោក វរៈសេនីយ៍ឯក ធាង ឡេង អធិការនៃអធិការដ្ឋាននគរបាលស្រុកវាលវែង ដឹកនាំមន្រ្តីក្រោមឱវាទចុះបង្រ្កាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ដកហូតនូវវត្ថុតាងមួយចំនួនធំរួមទាំងសម្ភារ ដើម្បីនាំយកទៅបន្តនីតិវិធី ។
ប្រតិបត្តិការខាងលើធ្វើឡើងនារសៀលថ្ងៃអាទិត្យ ៣កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅភូមិឈើទាលជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
លោក វរៈសេនីយ៍ឯក ធាង ឡេង អធិការនៃអធិការដ្ឋាននគរបាលស្រុកវាលវែងបានឲ្យដឹងថា លទ្ធផល ៖ កម្លាំងបង្រ្កាបឃាត់ចាប់ខ្លួនជនសង្ស័យចំនួន៣នាក់ ទី-១ ឈ្មោះ វី វ៉ា ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិទួលគោ ឃុំទន្លេបិទ ស្រុក.ខេត្តត្បូងឃ្មុំ(ជួញដូរ) ទី-២ ឈ្មោះ ឆេន ថាវរី ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិមល ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់(ជួញដូរ) និងទី-៣ ឈ្មោះ ហុីម ហួយ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រៃខ្លុង ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់(សហចារី) ។
លោក អធិការនគរបាលស្រុកបន្តថា ក្នុងនោះដកហូតនូវវត្ថុតាងរួមមាន៖ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន២កញ្ចប់ធំ ស្មើនឹងទម្ងន់ចំនួន៨២.៩៤ក្រាម ថ្លឹងទាំងសម្បកថង់ ថ្នាំគ្រាប់ពណ៌ផ្កាឈូក និងខៀវប្រភេទ(WY)ចំនួន៧៥០គ្រាប់ អាវុធខ្លីម៉ាក PX4 storm១ដើម រថយន្ត១គ្រឿងម៉ាក TOYOTA TUNDRA ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 2A 2007 និងម៉ូតូ១គ្រឿងម៉ាក DREAM FI 100C ពាក់ស្លាកលេខ ភ្នំពេញ 1BT 3192 ។
លោក អធិការបន្តទៀតថា ជនសង្ស័យទាំងចំនួន៣នាក់រួមទាំងវត្ថុតាង និងសម្ភារ នាំយកទៅបំពេញបែបបទនៅអធិការដ្ឋាននគរបាលស្រុកវាលវែង ហើយអាចបញ្ជូនទៅការិយាល័យជំនាញប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីចាត់ការបន្ត ៕
ដោយ៖ បុឹម ពិន