ខេត្តបាត់ដំបង៖ មានហេតុការណ៍ដ៏ភ្ញាក់ផ្អេីលមួយបានកើតឡើងដោយមានព្រះសង្ឃមួយអង្គដែលគង់នៅក្នុងវត្តកណ្តាល ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានធ្វើអត្តឃាតដុតសម្លាប់ខ្លួនឯង ដោយគេមិនទាន់បានដឹងពីមូលហេតុដែលនាំឱ្យសង្ឃអង្គនេះធ្វើអត្តឃាតបែបនេះឡើយ។
ហេតុការណ៍នេះបានកើតឡើងនាវេលាម៉ោង១១៖៣០នាទី ថ្ងៃត្រង់ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នេះ ។
តាមការឱ្យដឹងពីព្រះគ្រូចៅអធិការវត្តកណ្តាល ព្រះនាម កែវ សំពង់ ដែលបានឃើញហេតុការណ៍ផ្ទាល់ មានថេរដីកាថា មុនពេលកើតហេតុព្រះអង្គបានឃើញផ្សែងហុយយ៉ាងខ្លាំងនៅក្នុងបន្ទប់ ដោយបន្ទប់នោះបានដាក់គន្លឹះពីខាងក្នុង រួចក៏ស្រែកហៅគ្នាមកជួយពន្លត់ភ្លើង។
ក្រោយបើកទ្វារចូលទៅក៏ឃើញជនរងគ្រោះត្រូវភ្លើងឆេះរលាកពេញខ្លួនហើយឮសំឡេងសូត្រធម៌ ។
ភ្លាមៗនោះព្រះអង្គក៏នាំគ្នាចាក់ទឹកពន្លត់ភ្លើង ប៉ុន្តែជាអកុសលជនរងគ្រោះបានអនិច្ចធម្មបាត់ទៅហើយ ។ ក្រោយកើតហេតុព្រះគ្រូចៅអធិការបានទាក់ទងទៅកាន់សមត្ថកិច្ចឲ្យមកពិនិត្យផងដែរ ៕ដោយ៖ចេស្តា